គណបក្សភឿថៃ ប្រកាសគាំទ្រគណបក្សភូមិចៃថៃ ឱ្យដឹកនាំបង្កើតរដ្ឋាភិបាលថ្មី
ថៃឡង់ដ៍៖ គណបក្សភឿថៃ (Pheu Thai) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជាផ្លូវការថានឹងគាំទ្រគណបក្សភូមិចៃថៃ (Bhumjaithai) ក្នុងការធ្វើជាស្នូលដឹកនាំដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចចរចានៅទីស្នាក់ការកណ្តាលរបស់គណបក្សភូមិចៃថៃ កាលពីវេលាម៉ោង ៣:៣៥ នាទីរសៀល រវាងលោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) ប្រធានគណបក្សភូមិចៃថៃ និងលោក យសៈណាន់ វុងសាវ៉ាត់ (Yossanan Wongsa-sawat) បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ។
ក្រោយបញ្ចប់ជំនួប លោក អានុទីន និងលោក ប្រាសឺត ចាន់ថារ៉ារឿងថង (Prasert Jantararuangtong) អគ្គលេខាធិការគណបក្សភឿថៃ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ លោក ប្រាសឺត បានបញ្ជាក់ថា ភឿថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រភូមិចៃថៃ ឱ្យក្លាយជាបក្សបង្គោលក្នុងការបង្កើតរដ្ឋបាលដឹកនាំប្រទេសអាណត្តិថ្មី។
ចំណែកលោក អានុទីន បានលើកឡើងថា ការយល់ច្រឡំគ្នានៅក្នុងអតីតកាលគឺជារឿងធម្មតា ហើយគួរតែទុកវាចោលមួយឡែក ដើម្បីឱ្យបក្សទាំងពីរអាចបោះជំហានទៅមុខជាមួយគ្នាបាន៕
ប្រភព | រូបភាព៖ Khaosod English