ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តេីមកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច «ស្ទៀង» នៅភូមិក្តុលលើ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ ដោយមានការចូលរួមពីប្រជាជន ជនជាតិដើមភាគតិច «ស្ទៀង» មន្ត្រីមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំទន្លូង និងអាជ្ញាធរភូមិក្តុលលើ ស្ថិតនៅទីតាំងផ្ទះសហគមន៍ស្ទៀងភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចត្រូវធ្វេីជាជំហានៗ ដោយជំហានទី១. ផ្សព្វផ្សាយការយល់ដឹងនៅក្នុងចំណោមអាជ្ញាធរជាតិ ថ្នាក់ខេត្ត (មន្ទីរជំនាញពាក់ព័ន្ធ) ស្រុក ឃុំ ភូមិ និងសហគមន៍ ជនជាតិដើមភាគតិច។ ជំហានទី២. សហគមន៍ជនជាតិដើមភាគតិច បង្ហាញឆន្ទៈក្នុងការចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។ ជំហានទី៣. ធ្វើការផ្សព្វផ្សាយដល់សហគមន៍គោលដៅ។ ជំហានទី៤. សហគមន៍ជនជាតិដើមភាគតិច បោះឆ្នោតជ្រើសរើសតំណាងគណៈកម្មការ និងប្រកាសស្វ័យអត្តសញ្ញាណខ្លួនជាជនជាតិដើមភាគតិច។ និងជំហានទី៥. ការដាក់ពាក្យ ការវាយតម្លៃ និងទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទ។
សូមបញ្ជាក់ថា ភូមិក្តុលគឺជាទីកន្លែងដែលសម្តេច ហ៊ុន សែន ធ្លាប់រស់នៅ មុនពេលសម្តេចរត់ភៀសខ្លួនទៅប្រទេសវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីស្នើសុំការគាំទ្រ និងប្រមូលកម្លាំង វាយផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕