ព័ត៌មានជាតិ

ក្រសួងព័ត៌មានកំពុងតាមដានករណីចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៅខេត្តបន្ទាយមានជ័យ

image



ភ្នំពេញ៖ លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពីបទបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន ក្រោយពេលដែលលោករាយការណ៍អំពីករណីអំពើហិង្សានៅក្នុងអគារមួយ ដែលត្រូវបានគេសង្ស័យថា ជាអគារមានសកម្មភាពឆបោកអនឡាញ និងស្ថិតនៅចម្ងាយប្រមាណពី ១០០ ទៅ ២០០ម៉ែត្រ ពីខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។​

ពាក់ព័ន្ធករណីនេះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកសារព័ត៌មាន នៅខេត្តបន្ទាយមានជ័យ ហើយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ។ ជាមួយគ្នានេះ គេចាំបាច់ត្រូវពិនិត្យស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់ផងដែរ។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។ ការពិនិត្យសំណើ ក្រសួងនឹងពិនិត្យមើលលើលក្ខខណ្ឌ ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម សស្រាក់សស្រាំ ដែលកិច្ចខិតខំទាំងនេះបានការទទួលស្គាល់ពីបណ្តាប្រទេស និងដៃគូអន្តរជាតិ ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដោយមានមូលដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។

លោកបានលើកឡើងពីករណីសហការរវាងសារព័ត៌មាន និងសមត្ថកិច្ចថានាពេលកន្លងទៅបន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច។

សម្រាប់ករណីនៅបន្ទាយមានជ័យ អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថាអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការអនុវត្តការងាររបស់ខ្លួនផងដែរ។ ក្រៅពីការផ្សាយ សូមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បីអាចរួមចំណែកជាបច្ច័យដល់ការត្រៀមលក្ខណៈ និងរៀបចំឱ្យស្របតាមបទដ្ឋានការងារ និងការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញ ឧទាហរណ៍ ទាក់ទងនឹងការចុះបង្រ្កាបជាដើម ដើម្បីអាចជួយឱ្យការចុះបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាមានលក្ខណៈអន្តរជាតិ ហើយជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានទម្រង់ដ៏ស្មុគ្រស្មាញបំផុត។ ការធ្វើតុល្យភាពរវាងវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវរាយការណ៍ការពិត ស្របតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ និងតម្រូវការនៃការធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការច្បាប់របស់សមត្ថកិច្ចជំនាញ គឺជាសិល្បៈនៃការធ្វើការងាររួមគ្នា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ៕