មន្ទីរពេទ្យបណ្ដែតទឹករបស់អារ៉ាប់រួម បន្តទទួលព្យាបាលអ្នកជំងឺ និងអ្នករងរបួសពីតំបន់ហ្គាហ្សា យ៉ាងយកចិត្តទុកដាក់
អារ៉ាប់រួម៖ នាវានៃ «មន្ទីរពេទ្យបណ្ដែតទឹក» របស់ប្រទេសអារ៉ាប់រួម ដែលកំពុងឈប់សំចតនៅកំពង់ផែ អាល់ អារីស (Al-Arish) ប្រទេសអេស៊ីប កំពុងបន្តផ្តល់សេវាវេជ្ជសាស្ត្រ និងការព្យាបាលយ៉ាងសកម្ម ដល់អ្នកជំងឺ និងអ្នករងរបួសដែលមកពីតំបន់ហ្គាហ្សា ដែលនេះគឺជាផ្នែកមួយនៃប្រតិបត្តិការមនុស្សធម៌ ហ្គាលែន ណៃហ្វ៍ ៣ (Gallant Knight 3) ។
សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីទិដ្ឋភាពនៃការបញ្ជូនអ្នកជំងឺពីឡានពេទ្យ ចូលតង់ព្យាបាលនៅក្នុងនាវា ព្រមទាំងក្រុមគ្រូពេទ្យដែលកំពុងយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នាវាបានទទួលអ្នករងរបួសធ្ងន់ស្រាលចំនួន ៦ នាក់បន្ថែមទៀត រួមទាំងអ្នកកំដរ ដែលធ្វើឱ្យចំនួនអ្នកជំងឺសរុបដែលបានទទួលការព្យាបាលនៅទីនោះ កើនដល់ ២២ នាក់ ក្នុងរយៈពេលមិនជិតមួយសប្តាហ៍ ។
មន្ទីរពេទ្យបណ្ដែតទឹករបស់អារ៉ាប់រួមនេះ បានចាប់ផ្ដើមដំណើរការតាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានផ្ដល់សេវាព្យាបាលជាង ១២,០០០ ករណី, វះកាត់ជាង ៥,២០០ លើក, ធ្វើចលនាព្យាបាលដោយមិនវះកាត់ជាង ៦,៥០០ លើក និងបានជួយបំពាក់អវយវៈសិប្បនិម្មិតចំនួន ២៦ គ្រឿង ដល់អ្នកជំងឺមកពីតំបន់ហ្គាហ្សា ។
គួររំឭកថា ប្រទេសអារ៉ាប់រួម បានចាប់ផ្ដើមប្រតិបត្តិការហ្គាលែន ណៃហ្វ៍ ៣ (Gallant Knight 3) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការបញ្ជារបស់ប្រមុខរដ្ឋ សេក្ខ មហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន (Sheikh Mohamed bin Zayed Al Nahyan) ដើម្បីផ្ដល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Gulf Today/ VIORY/ وكالة أنباء الإمارات