លោកទេសរដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៤,២លាននាក់ កើនឡើងជាង ៣០%
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់អំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤,២លាននាក់ កើនឡើង ៣០,២៨% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទទួលបានភ្ញៀវទេសចរជាតិចំនួន ៣,២៤លាននាក់ កើនឡើង ៤៧,៥% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩៥,៥ម៉ឺននាក់ ថយចុះ -៦,៧% ដែលនេះបង្ហាញថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។
ការគូសបញ្ជាក់បែបនេះរបស់លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ក្នុងកិច្ចប្រជុំ “បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
លោកទេសរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ជាការកត់សម្គាល់ទីផ្សារទេសចរណ៍សំខាន់ៗ ទាំង១០ ដែលមកខេត្តសៀមរាប រួមមាន៖ អាម៉េរិក, អង់គ្លេស, បារាំង, ចិន, ជប៉ុន, អាល្លឺម៉ង, អូស្ត្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា និងអេស្ប៉ាញ។ បន្ថែមពីនេះ ខេត្តសៀមរាប ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ ដោយ សាររងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបានកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមក។
លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានអង្គប្រជុំបានរំលឹកបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញ “វិធានការគន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” កាលពីខែមីនា ឆ្នាំ២០២៥ ដែលមានវិធានការគន្លឹះចំនួន ០៧ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបានដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យការអនុវត្តយ៉ាងហ្មត់ចត់។ ដោយឡែក យោងតាមអង្កេតឆ្នាំ២០១៩៖ ភ្ញៀវទេសចរប្រមាណ ៩៣% ទៅលេងតំបន់អង្គរ, ១២% ទៅលេងឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម “ភ្នំគូលេន” និងមានរហូតដល់ ៤១% ទៅលេខតំបន់បឹងទន្លេសាប។
ព្រមជាមួយគ្នា នៅក្នុងកិច្ចប្រជុំ “បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ នឹងស្នើសុំការគាំទ្រជាគោលការណ៍លើ “គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សហគមន៍ធម្មជាតិកំពង់ភ្លុក” ដើម្បីប្រែក្លាយតំបន់នេះទៅជាគំរូនៃការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការអភិរក្ស និងជាការធ្វើពិពិធកម្មគោលដៅក្រៅពីអង្គរ។
លើសពីនេះ អង្គប្រជុំគាំទ្រនិងឯកភាព ក្នុងបន្តធ្វើបច្ចុប្បន្នភាពវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្ពោះទៅឆ្នាំ២០២៨ ដោយស្នើសុំប្រគល់ឯកសារទស្សនាទាន “អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ” ជូនទៅអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្តសៀមរាប ជាប្រធាន ដើម្បីទទួលខុសត្រូវដឹកនាំអនុវត្តផ្ទាល់។
សូមបញ្ជាក់ថា អង្គប្រជុំបានឯកភាពរៀបចំផែនការអនុវត្តបន្តចាប់ផ្តើមពីឆ្នាំ២០២៦ ដើម្បីគាំទ្រការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ក្នុងបរិបទដែលមានការប្រកួតប្រជែងខ្ពស់ និងភាពតានតឹងនៃស្ថានភាពព្រំដែនជាមួយប្រទេសជិតខាង ដែលទាមទារឱ្យមានការដាក់ចេញនូវ “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)” ក្នុងការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ដោយធ្វើការរំកិលសកម្មភាពការងារពីឆ្នាំ២០២៥ ទៅ២០២៦-២០២៨៕
អត្ថបទ៖ ចេង ឆហួត