សភាអឺរ៉ុប អនុម័តកញ្ចប់ថវិកាកម្ចី ៩០ ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន តាមរយៈការបង្កើតបំណុលរួមជំនួសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី
អឺរ៉ុប៖ សភាអឺរ៉ុបបានសម្រេចអនុម័តកញ្ចប់ថវិកាកម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ (៩៧ ពាន់លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។ ដំបូងឡើយ អឺរ៉ុបមានគម្រោងយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី (Frozen assets) មកប្រើ ប៉ុន្តែដោយសារតែមានភាពចម្រូងចម្រាសលើបញ្ហាច្បាប់ និងការជំទាស់ខ្លាំង ក៏ធ្វើឱ្យផែនការនេះត្រូវបានដកចេញ ហើយប្តូរមកជាការខ្ចីប្រាក់ពីទីផ្សារមូលបត្របំណុល ដោយបង្កើតជាបំណុលរួមរបស់អឺរ៉ុបវិញ ។
ការសម្រេចចិត្តនេះ បានធ្វើឡើងក្នុងស្ថានភាពដែលអឺរ៉ុបយល់ថា ខ្លួនត្រូវតែបង្កើនការទទួលខុសត្រូវលើសន្តិសុខតំបន់ ខណៈដែលជំនួយពីសហរដ្ឋអាម៉េរិកមានការធ្លាក់ចុះ។ សមាជិកសភាដែលគាំទ្របានលើកឡើងថា នេះមិនត្រឹមតែជាជំនួយមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើខ្សែត្រៀមជួរមុខ ដើម្បីការពារសេរីភាព និងសន្តិសុខរួមរបស់អឺរ៉ុបទាំងមូលពីការឈ្លានពានរបស់រុស្ស៊ី ។
ទោះជាយ៉ាងណាក៏ដោយ សំឡេងជំទាស់បានលើកឡើងពីក្ដីបារម្ភចំពោះបន្ទុកហិរញ្ញវត្ថុរបស់ពលរដ្ឋអឺរ៉ុប ដោយចោទប្រកាន់ថា កម្ចីនេះអាចនឹងក្លាយជា «ជំនួយឥតសំណង» ព្រោះគ្មានការធានាច្បាស់លាស់ថារុស្ស៊ីនឹងសងការខូចខាតនេះឡើយ។ ក្រុមអ្នកជំទាស់ បានព្យាយាមស្នើឱ្យពន្យារការបោះឆ្នោត ដើម្បីឱ្យរដ្ឋាភិបាលប្រាប់ការពិតដល់ពលរដ្ឋដែលជាអ្នកទទួលបន្ទុកបង់ពន្ធ ប៉ុន្តែសំណើនេះត្រូវលុបចោលដោយសំឡេងភាគច្រើន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ EU News/ Anatolii Stepanov via AFP