ព័ត៌មានអន្តរជាតិ

មនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន​ នាស្រុកហាតយ៉ៃ​ ភាគខាងត្បូងប្រទេសថៃ

image

ថៃឡង់ដ៍៖ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារដោយកាំភ្លេីង​ នៅក្នុងសាលារៀនមួយកន្លែង​ ក្នុងស្រុកហាតយ៉ៃ (Hat Yai) ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃពុធនេះ ដោយមានទាំងការចាប់មនុស្សធ្វេីជាចំណាប់ខ្មាំងថែមទៀតផង​ រួមមានសិស្ស​ និងគ្រូ​ ។

រដ្ឋបាលខេត្តបានបង្ហោះសារនៅលើបណ្ដាញសង្គមថា ជនសង្ស័យគឺជាយុវជនម្នាក់មានអាយុ ១៨ ឆ្នាំ បានកាន់កាំភ្លើងសម្រុកចូលទៅក្នុងសាលារៀន Patongprathankiriwat ក្នុងខេត្តសុងខ្លា (Songkhla) កាលពីព្រឹកថ្ងៃពុធ រួចក៏ផ្ដេីមធ្វេីសកម្មភាពតែម្ដង​ ។

ក្រោយមក​ សមត្ថកិច្ចម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ខ្មាន់កាំភ្លើងត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយចំណាប់ខ្មាំងទាំងអស់ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញដែរ​ ។

គួររំឭកថា​ អំពើហិង្សា និងការកាន់កាប់កាំភ្លើង មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសថៃ ដែលកាលពីឆ្នាំ ២០២២ កន្លងទៅ អតីតមន្ត្រីនគរបាលម្នាក់ធ្លាប់បានសម្លាប់មនុស្ស ៣៦ នាក់ ក្នុងនោះមានកុមារ ២២ នាក់ នៅក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិតនៅមជ្ឈមណ្ឌលកុមារតូចមួយ នៅភាគខាងកើតប្រទេសនេះ​ ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Reuters