ចិន ព្រមានតៃវ៉ាន់ពីមហន្តរាយដ៏សាហាវ បើហ៊ានតែចាប់ផ្ដើមប្រើអាវុធអាម៉េរិក វាយប្រហារលើចិន
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ជាំង ប៊ីន (Jiang Bin) កាលពីថ្ងៃអង្គារបានចេញមុខព្រមានធ្ងន់ៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កោះតៃវ៉ាន់កំពុងមានគំនិតចង់ប្រើ «យុទ្ធសាស្ត្រវាយប្រហារមុន» មកលើកងទ័ពរំដោះប្រជាជនចិន (PLA) ។
លោក ជាំង ប៊ីន លើកឡើងថា ក្រុមអ្នកចង់បំបែកខ្លួននៅតៃវ៉ាន់ កាន់តែមានចរិតក្រអឺតក្រទម និងមានគំនិតមិនសមហេតុផល តាមរយៈការត្រៀមពង្រាយអាវុធ និងនិយាយពីការវាយប្រហារមុនមកលើចិន។ លោកបានសង្កត់ធ្ងន់ថា «នៅចំពោះមុខកម្លាំងដ៏មហិមារបស់កងទ័ពចិន ប្រសិនបើក្រុមបំបែកខ្លួនតៃវ៉ាន់ណា ហ៊ានបង្កជម្លោះ ឬបង្កសង្គ្រាម ពួកគេនឹងត្រូវប្រឈមមុខនឹងមហន្តរាយដែលមិនអាចជៀសផុតឡើយ» ។
ការព្រមាននេះ កើតឡើងក្រោយពេលមានព័ត៌មានថា ទីក្រុងតៃប៉ិ កំពុងរៀបចំដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំនើប ហ៊ីម៉ាស់ (HIMARS) ដែលទិញពីសហរដ្ឋអាម៉េរិក នៅលើកោះផេងហ៊ូ (Penghu) និងកោះទុងយីន (Dongyin)។ ការដាក់ពង្រាយអាវុធប្រភេទនេះ នឹងធ្វើឱ្យតៃវ៉ាន់មានសមត្ថភាពអាចបាញ់ប្រហារចូលទៅដល់ទឹកដីចិនដីគោក ជាពិសេសគឺខេត្តហ្វូជៀន (Fujian) និងខេត្តចឺជាំង (Zhejiang) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ twz.com/ unibw.de