ព័ត៌មានអន្តរជាតិ

អានុទីន និយាយថា ការទទួលខុសត្រូវលើលទ្ធផលបោះឆ្នោត ជាភារកិច្ចគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនមែនរដ្ឋាភិបាលទេ

image



ថៃឡង់ដ៍៖ លោក អានុទីន ឆានវីរៈគុល មេដឹកនាំបក្សភូមិចៃថៃ បាននិយាយកាលពីថ្ងៃទី១០ ខែកុម្ភៈថា រាល់ការចោទប្រកាន់អំពីភាពមិនប្រក្រតី និងការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ គឺជាភារកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) មិនមែនជារឿងរបស់រដ្ឋាភិបាលឡើយ ។

ជាការឆ្លើយតបទៅនឹងការរិះគន់ពីគណបក្សភឿថៃ ដែលថាការបោះឆ្នោតនេះពោពេញដោយភាពមិនប្រក្រតី លោក អានុទីន បានលើកឡើងថា ការចោទប្រកាន់បែបនេះ ច្រើនតែលេចឡើងនៅពេលដែលបក្សណាមួយចាញ់ឆ្នោតតែប៉ុណ្ណោះ ប៉ុន្តែមិនដែលឃើញនិយាយអ្វីឡើយនៅពេលពួកគេឈ្នះ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនមែនជាអ្នករៀបចំការបោះឆ្នោតនោះទេ ដូច្នេះការចោទប្រកាន់លើដំណើរការបោះឆ្នោត គឺស្មើនឹងការចោទប្រកាន់ដោយផ្ទាល់ទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោត ។

លោក អានុទីន បានបន្ថែមទៀតថា តួនាទីរបស់រដ្ឋាភិបាល ត្រឹមតែជួយសម្របសម្រួលដើម្បីធានានូវសណ្ដាប់ធ្នាប់ប៉ុណ្ណោះ ចំណែកឯកិច្ចការគ្រប់គ្រងការបោះឆ្នោតទាំងមូល គឺជាការទទួលខុសត្រូវទាំងស្រុងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer