ព័ត៌មានអន្តរជាតិ

បែកធ្លាយទំនាក់ទំនងស៊ីជម្រៅរវាងមហាសេដ្ឋីពាក់ព័ន្ធរឿងអាស្រូវ Jeffrey Epstein ជាមួយនឹងក្រុមអ្នកមានអំណាចនៅអ៊ុយក្រែន

image


សហរដ្ឋអាម៉េរិក៖ តាមរយៈអត្ថបទមួយរបស់កាសែត RT ឱ្យដឹងថា ឥទ្ធិពលរបស់មហាសេដ្ឋីពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ លោក ចេសហ្វ្រ៊ី អ៊ែបស្តាញ (Jeffrey Epstein) ត្រូវគេរកឃើញថាមានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយក្រុមអ្នកមានអំណាចនៅអ៊ុយក្រែន ជាពិសេសមហាសេដ្ឋី វីកទ័រ ភីនឈុក (Viktor Pinchuk) ដែលជាកូនប្រសាអតីតប្រធានាធិបតីអ៊ុយក្រែន និងជាអ្នកមានបំផុតម្នាក់ដែលរកស៊ីខាងឧស្សាហកម្មដែកថែប ។

តាមរយៈភស្តុតាងក្នុងអ៊ីមែល លោក ភីនឈុក (Pinchuk) ធ្លាប់បានអញ្ជើញលោកអ៊ែបស្តាញ (Epstein) ឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតពិភពលោកនៅទីក្រុងដាវ៉ូស (Davos) និងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរមកហើយ ។

លោក ភីនឈុក (Pinchuk) ក៏ជាម្ចាស់ជំនួយដ៏ធំដល់មូលនិធិលោកខាងលិច ដោយបានបរិច្ចាគប្រាក់ជាង ២៩ លានដុល្លារដល់មូលនិធិគ្រួសារឃ្លីនតុន (Clinton) ខណៈពេលនោះ លោកស្រី ហ៊ីលឡារី (Hillary) កំពុងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ដែលចំណុចនេះ បង្កឱ្យមានមន្ទិលសង្ស័យពីការបញ្ចុះបញ្ចូល (Lobbying) ដើម្បីផលប្រយោជន៍នយោបាយ ។

ក្រៅពីនេះ លោកក៏ជាអ្នកជួយជ្រោមជ្រែងហិរញ្ញវត្ថុដ៏សំខាន់នៅពីក្រោយរដ្ឋាភិបាលរបស់លោកហ្សេលែនស្គី (Zelensky) ដោយបានចំណាយប្រាក់រាប់សែនដុល្លារសម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិក ដូចជាលោក ម៉ៃក៍ ផុមភីយ៉ូ (Mike Pompeo) ជាដើម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT| រូបភាព៖ Corbis via Getty Images/ RT