ព័ត៌មានជាតិ

អ្នកជំនាញបរិស្ថានបង្ហាញក្ដីបារម្ភ ខណៈម៉ាឡេស៊ី ក្លាយជាទីតាំងផ្ទុកកាកសំណល់អេឡិចត្រូនិកធំជាងគេរបស់អាម៉េរិក

image



ម៉ាឡេស៊ី៖ តាមរយៈរបាយការណ៍ពីស្ថាប័នឃ្លាំមើលបរិស្ថាន បានបង្ហាញថា ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅចម្បងសម្រាប់កាកសំណល់អេឡិចត្រូនិក (E-waste) ដែលដឹកមកពីសហរដ្ឋអាម៉េរិក។ គិតចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៥ ការនាំចេញកម្ទេចកម្ទីដែលមានគ្រោះថ្នាក់ទាំងនេះ មានចំនួនប្រហែល ៦% នៃការនាំចេញសរុបរបស់អាម៉េរិកមកកាន់ម៉ាឡេស៊ី។ នេះបើការចុះផ្សាយរបស់កាសែត RT។

អ្នកជំនាញផ្នែកបរិស្ថាននៅម៉ាឡេស៊ី លោកស្រី វុង ពុយអ៊ី (Wong Pui Yi) បានរៀបរាប់ពីមូលហេតុដែលកាកសំណល់ទាំងនេះហូរចូលមកប្រទេសម៉ាឡេស៊ីយ៉ាងដូច្នេះថា៖ កាលពីជាង ៣០ឆ្នាំមុន កាកសំណល់ពិភពលោកស្ទើរតែទាំងអស់ត្រូវបានផ្ទេរទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅឆ្នាំ ២០១៨ រដ្ឋាភិបាលចិន បានសម្រេចចិត្តបិទការនាំចូលកាកសំណល់ចំនួន ២៤ ប្រភេទ ដោយសារតែវាបង្កការបំពុលខ្លាំងពេក ហើយក្រោយមក រហូតដល់ឆ្នាំ ២០២១ រដ្ឋាភិបាលចិនបានសម្រេចបិទទាំងស្រុងតែម្ដង ។

នៅពេលចិនបិទច្រក អ្នករកស៊ីក្នុងវិស័យនេះ បានងាកមកកាន់តំបន់អាស៊ីអាគ្នេយ៍វិញម្ដង រួមមាន ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងហ្វីលីពីន។ លោកស្រីបញ្ជាក់ថា មូលហេតុដែលគេកាកសំណល់ទាំងនោះ សម្រុកមកកាន់ប្រទេសម៉ាឡេស៊ី ដោយសារតែ៖ ១. ម៉ាឡេស៊ីនៅជិតប្រទេសចិន និងមានសហគមន៍អ្នកនិយាយភាសាចិនច្រើន ពោលគឺងាយស្រួលធ្វើពាណិជ្ជកម្ម។ ២. មានកម្លាំងពលកម្មតម្លៃថោក ជាពិសេសពលករចំណាកស្រុកដែលគ្មានច្បាប់ទម្លាប់ ដែលពួកគេមិនហ៊ានប្ដឹងផ្ដល់ទោះបីធ្វើការក្នុងមជ្ឈដ្ឋានដែលមានជាតិពុលក៏ដោយ។ ខណៈទី៣. គឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនាពេលបច្ចុប្បន្ន គឺ «អំពើពុករលួយ» ជាកត្តាដែលអនុញ្ញាតឱ្យការរត់ពន្ធកាកសំណល់ពុលទាំងនេះ អាចបន្តកើតមានបានយ៉ាងយូរអង្វែង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT