យន្តហោះចម្បាំងទំនើបៗ និងបច្ចេកវិទ្យាថ្មីៗលើពិភពលោក បង្ហាញវត្តមានក្នុងពិព័រណ៍អាកាសចរណ៍សិង្ហបុរី
សិង្ហបុរី៖ យន្តហោះចម្បាំងទំនើបៗបំផុតបានបង្ហាញបច្ចេកវិទ្យាហោះហើរយ៉ាងអស្ចារ្យ ក្នុងពិព័រណ៍ឋអាកាសចរណ៍សិង្ហបុរី (Singapore Airshow) លើកទី១០ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីនេះ បានទាក់ទាញគណៈប្រតិភូមកពីជុំវិញពិភពលោក និងភ្ញៀវចូលទស្សនារាប់ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ឆាងជី (Changi) ។
សកម្មភាពកាលពីថ្ងៃសៅរ៍ បានបង្ហាញឱ្យឃើញនូវយន្តហោះចម្បាំងជំនាន់ថ្មី រួមមាន F-35 (របស់អាម៉េរិក) និង J-10C (របស់ចិន) ដែលបានហោះហើរបញ្ចេញសមត្ថភាពយ៉ាងរស់រវើកនៅលើផ្ទៃអាកាស។ ភ្ញៀវមួយរូបដែលរួមព្រឹត្តិការណ៍ខាងលើ បាននិយាយដោយក្ដីរំភើបថា «ខ្ញុំបានឃើញយន្តហោះចម្បាំង F-35 របស់អាម៉េរិក និងយន្តហោះដឹកអ្នកដំណើរ C919 របស់ចិន ដែលនេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ» ។
ក្រៅពីការហោះហើរបង្ហាញ ក៏មានការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មីៗផងដែរ។ ក្នុងនោះ ក្រុមហ៊ុន អេសធី អ៊ែនជីនៀរីង អ៊ែរអ៊ិច (ST Engineering AirX) បានដាក់តាំងបង្ហាញយន្តហោះប្រភេទ អ៊ែរហ្វ៊ីស វ៉ូយ៉ាហ្គ័រ ("AirFish Voyager") ដែលអាចដឹកមនុស្សបាន ១០នាក់ និងអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ សង្គ្រោះបន្ទាន់ ឬប្រតិបត្តិការយោធា ខណៈយន្តហោះនេះ ទទួលបានការចាប់អារម្មណ៍ពីអតិថិជននៅសិង្ហបុរី និងឥណ្ឌា ។
ពិព័រណ៍យន្តហោះសិង្ហបុរី ដែលប្រារព្ធឡើងនៅរៀងរាល់ ២ឆ្នាំម្ដងនេះ គឺជាទីកន្លែងជួបជុំដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិជាង ១,០០០ក្រុមហ៊ុន។ នៅក្នុងឆ្នាំ ២០២៦នេះ យន្តហោះចម្បាំង Su-30MKM របស់កងទ័ពអាកាសម៉ាឡេស៊ី ក៏បានទាកទាញបេះដូងអ្នកទស្សនា តាមរយៈការហោះហើរបង្ហាញសមត្ថភាពយ៉ាងទាក់ទាញបំផុតផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Sources from VN Express