អ៊ីរ៉ង់បញ្ជាក់យុទ្ធសាស្ត្រ ពង្រឹងខ្លួនឱ្យខ្លាំង និងភាពធន់នឹងសម្ពាធ ដោយព្រមានប្រើកម្លាំងបាយ បើរងការវាយប្រហារ
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការពង្រាយកម្លាំងយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ មិនបានធ្វើឱ្យលោកភ័យខ្លាចឡើយ ដោយលោកអះអាងថា អ៊ីរ៉ង់ ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនណាស់មកហើយ ។
ពាក់ព័ន្ធនឹងការចរចា លោកបានបញ្ជាក់ថា គ្មានជម្រើសណាដែលល្អជាងការចរចានោះទេ ប៉ុន្តែការចរចានឹងជោគជ័យបាន លុះត្រាតែសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ត្រូវបានទទួលស្គាល់ និងគោរព។ លោកបានបន្ថែមថា ការពង្រឹងខ្លួនឱ្យខ្លាំង និងភាពធន់នឹងសម្ពាធ គឺជាយុទ្ធសាស្ត្រចម្បងរបស់អ៊ីរ៉ង់ ។
នៅក្នុងសន្និសីទមួយនៅរដ្ឋធានីតេហ៍រ៉ង់ លោក អារ៉ាជី (Araghchi) បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងតបតទៅវិញតាមរបៀបដែលគេធ្វើមកលើខ្លួន។ លោកបានថ្លែងថា «យើងជាមនុស្សប្រើហេតុផល ដូចនេះបើគេជ្រើសរើសផ្លូវការទូត យើងនឹងដើរតាមផ្លូវការទូត ហើយបើគេនិយាយជាមួយយើងដោយការគោរព យើងនឹងគោរពវិញ ប៉ុន្តែបើគេប្រើកម្លាំងបាយមកលើយើង ក៏នឹងតបតវិញដោយកម្លាំងបាយដូចគ្នា» ។
ការលើកឡើងខាងលើនេះ ធ្វើឡើងក្រោយពីរថ្ងៃ បន្ទាប់ពីមានការចរចាមិនផ្ទាល់រវាងអ៊ីរ៉ង់ និងអាម៉េរិក នៅប្រទេសអូម៉ង់ ខណៈភាពតានតឹងកាន់តែឡើងកម្ដៅខ្លាំង។ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីមុនបានដាក់លក្ខខណ្ឌពីរយ៉ាងដើម្បីបន្ថយកម្ដៅ ដែលទី១ អ៊ីរ៉ង់ត្រូវឈប់បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងទី២ ត្រូវឈប់សម្លាប់ក្រុមអ្នកតវ៉ា។ ជាការឆ្លើយតប អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថភាពការពារជាតិ និងមីស៊ីលរបស់ខ្លួន នឹងមិនត្រូវយកមកដាក់លើតុចរចាជាដាច់ខាត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ Menahem Kahana/Agence France-Presse/ Getty Images