ព័ត៌មានអន្តរជាតិ

ជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង ក្រោយនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះយ៉ាងធំធេងក្នុងសភា

image


ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានដឹកនាំសម្ព័ន្ធភាពគណបក្សកាន់អំណាច ទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជ័យជម្នះនេះ បានធ្វើឱ្យបក្សរបស់លោកស្រី គ្រប់គ្រងអាសនៈជាង ២ ភាគ ៣ នៃសភាទាំងមូល ដែលគេហៅថាជា «សំឡេងភាគច្រើនដាច់ខាត» ។
រូបភាពនៅឯទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី (LDP) បានបង្ហាញឱ្យឃើញលោកស្រី តាកាអ៊ិឈី កំពុងបិទផ្កាពណ៌ក្រហមនៅលើឈ្មោះបេក្ខជនដែលបានឈ្នះឆ្នោត ខណៈតាមរយៈរបាយការណ៍បឋម បង្ហាញថា សម្ព័ន្ធភាពរបស់លោកស្រីអាចទទួលបានអាសនៈយ៉ាងតិច ៣១០ ក្នុងចំណោម ៤៦៥ អាសនៈ ដែលនេះគឺជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួនអាសនៈ ២៣៣ កាលពីមុនបោះឆ្នោត ។
ជ័យជម្នះនេះ បានជួយពង្រឹងអំណាចរបស់លោកស្រី តាកាអ៊ិឈី យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីទើបតែកាន់តំណែងបានត្រឹមតែ ៤ ខែ។ វានឹងផ្តល់លទ្ធភាពឱ្យលោកស្រី អាចបន្តសម្រេចនូវគោលនយោបាយសំខាន់ៗ ដូចជាការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដើម្បីទប់ទល់នឹងភាពតានតឹងជាមួយចិន និងការរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាម៉េរិកជាដើម ។
សូមបញ្ជាក់ថា លោកស្រី តាកាអ៊ិឈី គឺជាស្ត្រីដំបូងគេបង្អស់ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលាកន្លងទៅ។ ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិ ចំពេលពាក់កណ្តាលរដូវរងាបែបនេះ គឺជារឿងដែលកម្រកើតមានណាស់ក្នុងប្រវត្តិសាស្ត្រជប៉ុន ប៉ុន្តែវាគឺជាការប្រថុយប្រថានលើរឿងនយោបាយមួយ ដែលចុងក្រោយទទួលបានជោគជ័យបំផុតសម្រាប់លោកស្រី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Bloomberg/ Kim Kyung-Hoon/Pool/EPA/ Louise Delmotte/AP/ Buddhika Weerasinghe/Getty Images