ព័ត៌មានជាតិ

ផ្លូវបេតុង ១ខ្សែប្រវែងជាង ៥គីឡូម៉ែត្រ ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

image


ព្រៃវែង៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៥.០៩២ម៉ែត្រ ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពីរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ប្រតិភូអមដំណើរ និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំង អាជ្ញាធរដែនដី ប្រជាពលរដ្ឋប្រមាណជាង ១.០០០នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី កែវ រតនៈ បានចូលររួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ចំពោះសមិទ្ធផលផ្លូវចាក់បេតុងប្រវែងជាង ៥គីឡូម៉ែត្រដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ហើយលោក នឹងជួយស្ថាបនាផ្លូវបេតុងដែលនៅសល់ក្នុងគម្រោងប្រវែងជាង ១.៨០០ម៉ែត្រ បន្ថែមទៀត ទុកជាចំណងដៃជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំង ដើម្បីធ្វើដំណើរកាន់តែងាយស្រួល។
លោកតដ្ឋមន្ត្រី បានគូបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដឹកនាំបន្តដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រែក្លាយពីប្រទេស ដែលនៅសល់ផេះផង់ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រី បានបន្តថា ចំពោះវិស័យអគ្គិសនីនៅមុនឆ្នាំ១៩៩៨ប្រទេសកម្ពុជា គឺមានភ្លើងប្រើប្រាស់មិនដល់១០ភាគរយទេ តែឥឡូវនេះដោយសារកត្តាសុខសន្តិភាពដែលបានចាក់ឫសក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានធ្វើឱ្យអគ្គិសនីកម្ពុជាបានបង្រីកបណ្ដាញតភ្ជាប់បាន ៩៩ភាគរយ នៅភូមិជាង១ ម៉ឺនភូមិ មានភ្លើងប្រើប្រាស់ដូចគ្នាពីបណ្ដាញជាតិ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ខេត្តព្រៃវែង និងខេត្តកណ្ដាល មានធនធានរ៉ែសំខាន់ចំនួនពីរ ខ្សាច់ និងថ្ម ហើយការបូមខ្សាច់មានសារប្រយោជន៍សំខាន់ចំនួន៣ ដោយទី១.ធ្វើឲ្យទន្លេមានទឹកជ្រៅអាចឲ្យការដឹកទំនិញតាមផ្លូវទឹកកាន់តែងាយស្រួល ទី២. កាត់បន្ថយការបាក់ច្រាំងទន្លេក្នុងករណីបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេស ទី៣. ថវិកាបានមកពីអាជីវកម្មបូមខ្សាច់ដាក់ចូលថវិកាជាតិ ដើម្បីឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអរគុណទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តកណ្ដាលដែលស្រឡាញ់សន្តិភាព ហើយបានគាំទ្រគោលនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍បន្តរបស់រាជរដ្ឋាភិបាល ហើយក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជឿជាក់ថានឹងធ្វើឲ្យវិស័យអគ្គីសនីកាន់តែសម្បូរ កាន់តែឯករាជ្យពីប្រទេសជិតខាង និងកាន់តែចុះថ្លៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍នានា។
បន្ថែមលើសពីនេះ លោករដ្ឋមន្ត្រី នឹងឱ្យក្រុមការងារចុះសិក្សា ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីមកកាន់ភូមិកោះពាមរាំងនៅពេលខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានភ្លើងប្រើប្រាស់គ្រប់គ្រាន់ផងដែរ៕
អត្ថបទ៖ មិន ភក្តី