អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិស័យឯកជន ចាត់ទុកការអនុលោមភាពសារពើពន្ធ ជាឱកាសយុទ្ធសាស្ត្រជាជាងបន្ទុក ក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិន និងបង្កើនការទទួលបានដើមទុន
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអំពាវនាវឱ្យវិស័យឯកជនចាត់ទុកការអនុលោមភាពសារពើពន្ធជាឱកាសយុទ្ធសាស្ត្រជាជាងបន្ទុក ដោយសង្កត់ធ្ងន់ថា ការអនុវត្តបង់ពន្ធដារប្រកបដោយតម្លាភាព គឺជាគន្លឹះក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិន និងពង្រីកការទទួលបានដើមទុន។
ថ្លែងក្នុងអំឡុងបិទកម្មពិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» នារសៀលថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បានទទួលស្គាល់ការព្រួយបារម្ភក្នុងចំណោមអាជីវកម្មនានាអំពីការអនុ លោមភាពសារពើពន្ធកាន់តែតឹងរ៉ឹង ប៉ុន្តែបានជំរុញឱ្យពួកគេប្រកាន់យកទស្សនៈវិជ្ជមាន និងរយៈពេលវែង។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលគោរពតាមបទប្បញ្ញត្តិពន្ធដារបានត្រឹមត្រូវ និងមានតម្លាភាព នឹងទទួលបានការជឿទុកចិត្តពីអ្នកឱ្យខ្ចីប្រាក់ និងវិនិយោគិន ដែលអាចឱ្យពួកគេរៃអង្គាសដើមទុនបន្ថែមដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «ខ្ញុំដឹងថា វាពិបាកសម្រាប់មនុស្សគ្រប់គ្នាក្នុងការប្តេជ្ញាចិត្តអនុវត្តតាម ព្រោះថាអ្នកព្រួយបារម្ភអំពីអ្នកយកពន្ធ ហើយនឹងមកយកពន្ធពីអ្នកបន្ថែមទៀត ប៉ុន្តែត្រូវមើលទៅក្នុងផ្លូវវិជ្ជមាន។ ប្រសិនបើអ្នកគោរពតាម ខ្ញុំជឿថា អ្នកនឹងអាចរៃអង្គាសប្រាក់បានកាន់តែច្រើន ព្រោះអ្នកឱ្យខ្ចីប្រាក់ អ្នកវិនិយោគ ជឿជាក់លើអ្នក។ ហើយប្រសិនបើអ្នកមិនធ្វើវាឱ្យបានល្អ ឬស្អាតស្អំទេ នោះអ្នកមិនអាចរៃអង្គាសប្រាក់បានកាន់តែច្រើនទេ»។
អ្នកឧកញ៉ា ជឿជាក់ថា អាជ្ញាធរពន្ធដារ គឺជួយគាំទ្រ និងណែនាំអាជីវកម្ម ដោះស្រាយបញ្ហានានាតាមនីតិវិធីដែលបានកំណត់ ជាងការផ្តោតលើការដាក់ទណ្ឌកម្ម។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានសរសើរថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ ចំពោះការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជន។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ប្រធាន បានលើកឡើងផងដែរថា ការពិភាក្សាដែលបានធ្វើឡើងក្នុងវេទិកាពន្ធដារយៈពេលពីរថ្ងៃនេះ បានបង្ហាញថា ការអនុលោមភាពពន្ធដារមិនត្រឹមតែជាកាតព្វ កិច្ចផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍវិស័យឯកជនឱ្យកាន់តែរឹងមាំផងដែរ។
ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វិស័យឯកជនក្នុងការលើកកម្ពស់ការយល់ដឹង និងការអនុលោមភាពពន្ធដារ ទាំងក្នុងស្រុក និងអន្តរជាតិ។ បន្ថែមពីនេះ អ្នកឧកញ៉ា ប្រធាន ក៏បានគូសបញ្ជាក់ដែរថា សភាពាណិជ្ជកម្មនឹងបន្តជួយផ្សព្វផ្សាយពីប្រព័ន្ធពន្ធទូទៅ និងពន្ធដាររបស់កម្ពុជា ព្រមទាំងកិច្ចព្រមព្រៀងការចៀសវាងយកពន្ធត្រួតគ្នា ក្នុងអំឡុងពេលធ្វើវេទិកាធុរកិច្ចនៅក្រៅប្រទេស ដើម្បីគាំទ្រដល់ការវិនិយោគឆ្លងដែន។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង តំណាងវិស័យឯកជនរបស់កម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទជាមួយអង្គភាពពន្ធដារ ក្នុងការការដឹកនាំវិស័យឯកជនឲ្យមានឆន្ទៈ និងគោរពអនុលោមភាពសារពើពន្ធ គឺជាការអនុវត្តន៍បានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិនានាស្តីពីពន្ធដារ។
ឯកឧត្តម បានលើកឡើងថា ប្រទេសមួយរឹងមាំ គឺជាប្រទេសដែលមានធនធាន ដូច្នេះដើម្បីឲ្យមានធនធានយើងទាំងអស់គ្នាត្រូវតែចូលរួមបង់ពន្ធជូនរដ្ឋ ជាពិសេសអ្នកចំនួនតូចដែលរកស៊ីនៅក្នុងវិស័យឯកជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្តូរផ្នត់គំនិតរបស់ខ្លួនកុំឲ្យនៅតែខ្លួនគេចរហូតពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន ដោយងាកមកចូលរួមចុះបញ្ជីនៅក្នុងប្រព័ន្ធនោះទើបជារឿងល្អប្រសើរ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់ការអនុគ្រោះផ្សេងៗទៅតាមច្បាប់ពន្ធដារផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំណូលពន្ធដែលប្រមូលបាន គឺត្រូវបានយកទៅជួយដល់អ្នកខ្សត់ខ្សោយ បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការការពារសន្តិសុខសណ្តាប់ធ្នាប់បម្រើដល់បុព្វហេតុជាតិ ក៏ដូចជា ប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពេទ្យ សាលារៀន ស្ពាន និងផ្លូវថ្នល់ក្នុងប្រទេស ជាដើម។
សូមជម្រាបថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ៖ «ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦។វេទិការនេះ មានគោលបំណងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធ វឌ្ឍនភាពនៃការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងពន្ធដារ ព្រមទាំងទទួលយោបល់អំពីបញ្ហាប្រឈមនានា ក្នុងការបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា និងប្រសិទ្ធភាពនៃការគ្រប់ គ្រងប្រព័ន្ធពន្ធដារ៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត