ថ្នាក់ដឹកនាំកំពូលគណបក្សកម្ពុជា វៀតណាម និងឡាវ ឯកភាពគ្នាពង្រីកបន្ថែមនូវទំនាក់ទំនងការទូត នយោបាយ និងវិស័យការពារជាតិ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្ស ប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជន បដិវត្តន៍ឡាវ ដឹកនាំដោយសហប្រធានមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀត ណាម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាជារួម នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងគណបក្សទាំងបី និងរដ្ឋាភិបាលនៃប្រទេសទាំងបី។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងក្រោយកិច្ចប្រជុំកំពូលថា ចំណុចជារួម ដែលថ្នាក់ដឹកនាំកំពូលទាំងបី បានរំលេចនោះគឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូត នយោបាយ វិស័យការពារជាតិ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លោកបន្តថា វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី សុទ្ធតែជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងបី ប្រឹងប្រែងនៅក្នុងការពង្រីកពាណិជ្ជកម្មបន្ថែមទៀត រវាងប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យត្រីភាគីនៃគណបក្សទាំងបី និងក្របខណ្ឌនៃរដ្ឋាភិបាលនៃប្រទេសទាំងបី បន្តខិតខំពង្រឹងបន្ថែមទៀត ដើម្បីឲ្យមិត្តភាពជាប្រពៃណីរវាងអ្នកជិតខាងនៃប្រទេសទាំងបីនេះ កាន់តែស៊ីជម្រៅនិងរីកចម្រើនបន្ថែមទៀត។
ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ក៏បានជម្រុញបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន ដើម្បីបន្តពូនជ្រុំនៃវប្បធម៌ជួបជុំសម្រាប់អ្នកបន្តវេន ដើម្បីរក្សាការរៀបចំកិច្ចប្រជុំកំពូលបែបនេះ ឱ្យបន្តជានិរន្ត ដើម្បីស្វែងរកឱកាសនៅក្នុងពង្រីកនៃមិត្តភាព នៅក្នុងក្របខ័ណ្ឌប្រទេសជិតខាងជាមួយគ្នា។ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នានៅក្នុងការពង្រីកពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី រួមទាំងអ្នកបន្តវេនយុវជននៃប្រទេសទាំងបី ឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ។
លើសពីនេះការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើអ្នកបន្តវេនយុវជនជំនាន់ក្រោយ គឺជាកត្តាចាំបាច់ដែលដឹកនាំកំពូលទាំងបី យកចិត្តទុកដាក់ខ្ពស់ ដោយណែនាំឱ្យបណ្ដាគណបក្សទាំងបីរួមគ្នាបណ្ដុះបណ្ដាលយុវជនបន្តវេនរបស់គណបក្សដើម្បីជាការរួមចំណែកដល់ការពង្រឹងមិត្តភាពនៃគណបក្សទាំងបី ឱ្យកាន់តែស៊ីជម្រៅ។
ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីបានឯកភាពគ្នា នៅក្នុងការជំរុញទំនាក់ទំនងត្រីភាគីកម្ពុជា ឡាវ វៀតណាម នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឲ្យកាន់តែល្អសុវត្ថិភាព និងសន្តិសុខ។ សន្តិភាពតាមព្រំដែន គឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណបក្សទាំងបីបានលើកឡើងហើយក៏បានកោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នា ដែលរក្សាបាននូវទំនាក់ទំនងតាមព្រំដែនយ៉ាងល្អប្រសើរ ហើយបន្តការខិតខំប្រឹងប្រែងថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាថាព្រំដែននៃប្រទេសទាំងបីមានសុវត្ថិភាព ហើយបន្តរក្សានូវសន្តិភាពឲ្យកាន់តែល្អប្រសើរទៅតាមព្រំដែន៕
អត្ថបទ៖ សន ពិសិដ្ឋ