ក្រោយយោធាថៃឈ្លានពាន ផ្តាច់ស្ពានអូរជីក ពលរដ្ឋខេត្តឧត្តរមានជ័យ និងសៀមរាប ជាង១០ម៉ឺននាក់ រងផលប៉ះពាល់
ឧត្តរមានជ័យ៖ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ស្ពានអូរជីក ដែលមានទីតាំងស្ថិតនៅ ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានកាត់ផ្តាច់ទាំងស្រុង មិនអាចធ្វេីដំណេីរឆ្លងកាត់បានទេ ដោយសារអំពេីឈ្លានពានរបស់ថៃ បានទម្លាក់គ្រាប់ប្រភេទ MK82 ចំនួន ៣គ្រាប់ ពីលើយន្តហោះF-16 កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រោយយោធាថៃកាត់ផ្តាច់ស្ពាននេះ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការធ្វេីចរាចរណ៍ទៅមករបស់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកចុងកាល់ និងក្រុងសំរោង សរុបចំនួន ២៤.៤៣៣គ្រួសារ ស្មើនឹងមនុស្សជាង ១០ម៉ឺននាក់។
ជាមួយគ្នានេះ លោក សួម សុផល អភិបាលរងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក៏បានចាត់ទុកការផ្តាច់ស្ពានអូរជីក គឺជាចេតនាឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែតពីសំណាក់យោធាថៃ មិនមែនជាជម្លោះព្រំដែនទេ ព្រោះរយៈចម្ងាយពីព្រំដែនកម្ពុជា-ថៃ គិតតាមខ្សែត្រង់ចំងាយរហូតជាង ៦០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានអូរជីកនេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រលេខ៤០+៧០០ មានកម្រាលស្ពាន ១០៥ម៉ែត្រការ៉េ បានខូចខាតធ្នឹមមេចំនួន ៦ធ្នឹម, បាក់បង្កាន់ដៃស្ពានទាំងស្រុងប្រវែង ១៤,៤ម៉ែត្រ និងរងការខូចខាត២១ម៉ែត្រ។ ស្ពាននេះធ្វើពីបេតុងសរសៃ មានប្រវែង ៧៦,៣ម៉ែត្រ និងទទឹង១១ម៉ែត្រ។ ផ្លូវថ្នល់ ស្ពាននដែលធ្លាប់តែបម្រើដល់ការធ្វេីដំណេីររបស់សិស្សសាលា ប្រជាពលរដ្ឋ ប៉ុន្តែពេលនេះត្រូវបានកាត់ផ្តាច់ដោយមហិច្ឆតាឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា៕