ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ពេញចិត្តចំពោះសន្តិសុខ នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានឯកភាពគ្នាទាំងស្រុង ពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែន កុំឱ្យមានឧក្រិដ្ឋកម្មកើតឡើង

image

 

ភ្នំពេញ៖ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានឯកភាពជាមួយគ្នានូវកិច្ចសហប្រតិបត្តិការតាមព្រំដែនធ្វើយ៉ាងណាកុំឱ្យមានឧក្រិដ្ឋកម្មកើតឡើងហើយរក្សាស្ថានភាពព្រំដែនដូចបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងល្អ។ 

ការលើកឡើងបែបនេះនាឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម 

អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំនេះ ភាគីទាំងពីរបានបង្ហាញនូវចំហនៃការសាមគ្គីគ្នាដែលឆ្លុះបញ្ចាំងថាកិច្ចប្រជុំកំពូលនាពេលនេះ បានបញ្ជាក់អំពីស្មារតីនៃការសាមគ្គីគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីសវៀតណាម។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនទ្វេភាគីរវាងគណបក្សទាំងពីរដែលផ្សំជាមួយគ្នាទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងស្ថាប័ននីតិបញ្ញត្តិផងដែរ។ សម្ដេចតេជោបានចែករំលែកនូវភាពរីកចម្រើន នៃការវិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកព័ត៌មានមួយចំនួននៃស្ថានភាពតំបន់ និងពិភពលោក។ 

លោក តូ ឡឹម បានឯកភាពទៅនឹងអ្វីដែលសម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីទាំងនៅក្នុងក្របខណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាលផង និងស្ថាប័ននីតិបញ្ញត្តិផង។ លោកបានផ្ដល់តម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម។ លោកបញ្ជាក់ថា វៀតណាមគាំទ្រឥតងាករេក្នុងការបង្កើតទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងវៀតណាមទាំងក្នុងក្របខណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ 

លោកបានពេញចិត្តចំពោះសន្តិសុខ សន្តិភាពនៅតាមព្រំដែន នៃប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អ ហើយលោកបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណារក្សាបានទំនាក់ទំនងតាមព្រំដែននេះ និងកិច្ចសហប្រតិបត្តិការឲ្យល្អបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ជាពិសេសផ្ដល់ផលប្រយោជន៍ឲ្យប្រជាជននៃប្រទេសទាំងពីរ។ 

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោក តូ ឡឹម ទាក់ទងនឹងភាពរីកចម្រើននៃទំនាក់ទំនង ជាពិសេសនៅតាមព្រំដែនដែលកត្តាស្ថិរភាពសន្តិភាពនៅតាមព្រំដែននេះគឺជាកត្តាចម្បងណាស់ដែលភាគីទាំងពីរអាចរក្សាបានកន្លងមក និងបន្តពូនជ្រុំនិងពង្រីកបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែនធ្វើយ៉ាងណាកុំឱ្យមានឧក្រិដ្ឋកម្មកើតឡើង ហើយរក្សាស្ថានភាពព្រំដែនដូចបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងល្អ។ 

ចំពោះគណបក្សវិញ ភាគីទាំងពីរបានបញ្ជាក់ជំហរអំពីការផ្លាស់ប្ដូរទំនាក់ទំនងជាពិសេសតាមរយៈទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃដល់ការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ ភាគីទាំងពីរបានជំរុញឲ្យ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបន្តការពង្រីកទំនាក់ទំនង និងផ្លាស់ផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកបទពិសោធ ដល់អ្នកជំនាន់ក្រោយ ជាពិសេសដល់យុវជន ដើម្បីឲ្យយុវជននៃបក្សទាំងពីរ បានយល់គ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។ 

ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពង្រីកទំហំពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត ដែលគោលដៅនៃថ្នាក់ដឹកនាំទាំងពីរ គឺចង់ឱ្យបានសម្រេច២០ពាន់លានដុល្លារ នៅពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា រយៈពេល២ទៅ៣ឆ្នាំខាងមុខទៀត គោលដៅនេះ នឹងសម្រេចបាន ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅទាំងអស់នោះ៕

អត្ថបទ៖ ឈឹម ធីតា