ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសថា ប្រភពទិញប្រេងសមរម្យសម្រាប់ប្រជាជន គឺជាការងារអទិភាពខ្ពស់បំផុត

image



ឥណ្ឌា៖ ក្រសួងការបរទេសឥណ្ឌា បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាម៉េរិក រឿងឱ្យឥណ្ឌាឈប់ទិញប្រេងពីរុស្ស៊ី។ ឥណ្ឌាបានប្រកាសថា ការរកទិញប្រេង និងឧស្ម័នក្នុងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួនជាង ១ ពាន់ ៤ រយលាននាក់ គឺជា «អាទិភាពខ្ពស់បំផុត» ដែលមិនអាចរំលងបាន ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ាន់ឌី ចៃស្វាល់ (Randhir Jaiswal) បានរៀបរាប់ថា យុទ្ធសាស្ត្ររបស់ឥណ្ឌាគឺ «មិនដាក់ស៊ុតទាំងអស់ក្នុងកញ្ច្រែងតែមួយទេ» ពោលគឺឥណ្ឌាត្រូវរកទិញប្រេងពីប្រភពផ្សេងៗគ្នាជាច្រើនប្រទេស ដើម្បីធានាសុវត្ថិភាពថាមពលក្នុងស្រុក។ លោកបន្តថា ឥណ្ឌានៅតែបន្តស្វែងរកទិញប្រេងពីគ្រប់ដៃគូទាំងអស់ដែលផ្ដល់តម្លៃចំណេញ រួមទាំងប្រទេស វ៉េណេស៊ុយអេឡា ផងដែរ (ជាប្រភពដែលលោក ដូណាល់ ត្រាំ ចង់ឱ្យឥណ្ឌាទិញជំនួសប្រេងរុស្ស៊ី) ។

ជាងនេះទៀត លោក ចៃស្វាល់ (Jaiswal) បន្ថែមថា ឥណ្ឌាមានប្រវត្តិសហការផ្នែកថាមពលជាមួយវ៉េណេស៊ុយអេឡាជាយូរមកហើយ ហើយនៅតែបន្តស្វែងរកលទ្ធភាពទិញប្រេងពីទីនោះ ឬកន្លែងផ្សេងទៀត ឱ្យតែមានផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋឥណ្ឌា ។

រឿងរ៉ាវនេះបានកើតឡើង បន្ទាប់ពីលោក ត្រាំ និយាយថា ឥណ្ឌាព្រមឈប់ទិញប្រេងពីរុស្ស៊ីហើយ ជាថ្នូរនឹងការដែលអាម៉េរិកព្រមបញ្ចុះពន្ធលើទំនិញនាំចូលពីឥណ្ឌា ពី ៥០% មកសល់ត្រឹម ១៨%) ។
ទោះបីជាលោកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រ ម៉ូឌី បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកក៏ដោយ ប៉ុន្តែខាងឥណ្ឌា មិនបាននិយាយសូម្បីមួយម៉ាត់ ពីរឿងឈប់ទិញប្រេងពីរុស្ស៊ីតាមការចង់បានរបស់អាម៉េរិក ។

ដោយឡែក ភាគីរុស្ស៊ីឯណោះវិញ ហាក់មិនមានការបារម្ភឡើយ។ មន្ត្រីរុស្ស៊ី បានលើកឡើងថា ពួកគេនៅតែមានទំនុកចិត្តលើមិត្តភាពជាមួយឥណ្ឌា ហើយជឿជាក់ថាឥណ្ឌានឹងមិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីមូស្គូ ដើម្បីផ្គាប់ចិត្តអាម៉េរិកនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screengrab | X/ The Times of India/ Outlook Business