ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក បង្គាប់ឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ មុនភាគីទាំងពីរចរចាគ្នានៅអូម៉ង់

image


សហរដ្ឋអាម៉េរិក៖ ស្ថានទូតនិម្មិតនៅលើប្រព័ន្ធអ៊ីនធឺណិតរបស់សហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់ បានចេញសេចក្ដីប្រកាសអាសន្នផ្នែកសន្តិសុខកាលពីព្រឹកថ្ងៃសុក្រ ដោយជំរុញឱ្យពលរដ្ឋអាម៉េរិកទាំងអស់ «ចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់» និងត្រូវរៀបចំផែនការធ្វើដំណើរដោយខ្លួនឯង ដោយមិនត្រូវរំពឹងលើជំនួយពីរដ្ឋាភិបាលអាម៉េរិកឡើយ ។
ការជូនដំណឹងនេះធ្វើឡើងមុនពេលការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសអូម៉ង់ ក្នុងថ្ងៃសុក្រដដែលនេះ ខណៈមានសញ្ញាតិចតួចបំផុតដែលបង្ហាញថា ភាគីទាំងពីរអាចរកចំណុចរួមឃើញ។ លោក Steve Witkoff បេសកជនពិសេស និងលោក Jared Kushner កូនប្រសាររបស់លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំនេះជាមួយក្រុមការងារដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ។
ការចរចានេះគឺជាជំនួបផ្លូវការលើកដំបូង ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើងកាលពីខែមិថុនាឆ្នាំ ២០២៥ នៅពេលដែលសង្គ្រាម ១២ ថ្ងៃជាមួយអ៊ីស្រាអ៊ែល បានឈានដល់ស្ងានការណ៍ដែលអាម៉េរិកវាយប្រហារតាមអាកាស បំផ្លាញរោងចក្រនុយក្លេអ៊ែរធំៗចំនួន ៣ របស់អ៊ីរ៉ង់ ។
រដ្ឋាភិបាលលោក ត្រាំ បានទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលការរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូម កម្រិតកម្មវិធីមីស៊ីលបាលីស្ទីក និងបញ្ឈប់ការផ្ដល់ជំនួយដល់ក្រុមប្រដាប់អាវុធនានានៅតំបន់មជ្ឈិមបូព៌ា។ នាពេលកន្លងនក លោក ត្រាំ ថែមទាំងគំរាមវាយប្រហារយោធា ប្រសិនបើអ៊ីរ៉ង់មិនព្រមតាមការទាមទារ។ ចំណែកឯអ៊ីរ៉ង់វិញ បានទាត់ចោលការទាមទារនេះ ដោយចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពជាតិ ហើយគំរាមវាយបកវិញទៅលើមូលដ្ឋានយោធាអាម៉េរិកក្នុងតំបន់ និងប្រទេសអ៊ីស្រាអែល ។
អ្នកជំនាញព្យាករណ៍ថា មានឱកាសរហូតដល់ ៧៥% ដែលអាម៉េរិក និងអ៊ីរ៉ង់ អាចនឹងផ្ទុះសង្គ្រាមយោធានៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។ ស្ថានភាពអាចឈានទៅដល់ការបិទខ្ទប់ប្រទេស (ដូចនៅវ៉េណេហ្ស៊ូអ៊ីឡា) ការវាយប្រហារចំគោលដៅ ឬសង្គ្រាមទ្រង់ទ្រាយធំ។ នាពេលថ្មីៗនេះ លោក ត្រាំ បានបញ្ជូនកងទ័ព និងនាវាផ្ទុកយន្តហោះដ៏ធំ Abraham Lincoln ទៅកាន់តំបន់មជ្ឈិមបូព៌ារួចជាស្រេចហើយ ដើម្បីដាក់សម្ពាធមុនការចរចា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNBC | រូបភាព៖ U.S. VIRTUAL EMBASSY IRAN/ Anadolu Agency/ Nurphoto | Nurphoto | Getty Images