ព័ត៌មានអន្តរជាតិ

ចិន ជម្រុញអាម៉េរិកឱ្យបន្តរក្សាកម្រិតអាវុធនុយក្លេអ៊ែរ ក្រោយសន្ធិសញ្ញា New START ផុតសុពលភាព

image



ចិន៖ បន្ទាប់ពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ឬញូវស្តាត (New START) រវាងអាម៉េរិក និងរុស្ស៊ី បានផុតសុពលភាពកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសចិន បានលើកឡើងថា នេះគឺជារឿង «ដ៏គួរឱ្យសោកស្ដាយ» ហើយបានជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោន បន្តរក្សាដែនកំណត់អាវុធយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នានាពេលកន្លងមក ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) នៅថ្ងៃដដែលនោះ បានលើកឡើងថា «សន្ធិសញ្ញានេះ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាពពិភពលោក ហើយការផុតសុពលភាពរបស់វាបានបង្កឱ្យមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងលើប្រព័ន្ធគ្រប់គ្រងអាវុធនុយក្លេអ៊ែរអន្តរជាតិ»។ លោកបន្ថែមថា រុស្ស៊ីបានស្នើឱ្យភាគីទាំងពីរ (រុស្ស៊ី-អាម៉េរិក) បន្តគោរពតាមដែនកំណត់នៃសន្ធិសញ្ញានេះ ខណៈដែលចិនសង្ឃឹមថា អាម៉េរិកនឹងឆ្លើយតបជាវិជ្ជមាន ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ ។

គួររំឭកថា សន្ធិសញ្ញា ញូវស្តាត (New START) ឆ្នាំ ២០១០ បានផុតសុពលភាពជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ហើយការណ៍នេះ នឹងនាំឱ្យមហាអំណាចនុយក្លេអ៊ែរទាំងពីរ មានសេរីភាពក្នុងការបង្កើនចំនួនអាវុធរបស់ខ្លួនដោយគ្មានការរឹតត្បិត។ ទោះបីជាលោក ពុទីន បានស្នើឱ្យមានការកំណត់ដោយស្ម័គ្រចិត្តក៏ដោយ ប៉ុន្តែវិមានក្រឹមឡាំងថា អាម៉េរិកមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ ។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញក្ដីបារម្ភពី «ការប្រណាំងប្រជែងអាវុធថ្មី» និងគ្រោះថ្នាក់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ។

ចំណែករដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) និយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងសម្រេចចិត្តលើរឿងនេះនៅពេលក្រោយ ប៉ុន្តែលោកចង់ឱ្យចិនចូលរួមក្នុងកិច្ចព្រមព្រៀងថ្មីនេះដែរ ដោយសារតែចិនកំពុងបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស។ ដោយឡែក ចិនបានបដិសេធមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ដោយអះអាងថា កម្រិតអាវុធនុយក្លេអ៊ែររបស់ខ្លួននៅតិចតួចបំផុត បើធៀបនឹងអាម៉េរិក ឬរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Jae C Hong/AP/ Cover-Images/IMAGO