បច្ចុប្បន្ននេះ ក្រសួងសាធារណការ បាន និងកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែងសរុបជាង ២ម៉ឺនគីឡូម៉ែត្រ កើន ៣០ខ្សែ បើធៀបឆ្នាំ២០២៤
ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែង សរុបជាង ២ម៉ឺនគីឡូម៉ែត្រ កើន ៣០ខ្សែ មានប្រវែងជាង ៤២៦គ.ម ធៀបឆ្នាំ២០២៤ ខណៈដែលក្រសួងបានជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការស្តារ និងសាងសង់ផ្លូវជាតិ, ផ្លូវខេត្ត ផ្លូវល្បឿនលឿន និងស្ថានតូចធំគ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឱ្យការតភ្ជាប់មានភាពប្រទាក់ក្រឡាទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងតំបន់។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្តថា ក្រសួងបានបញ្ចប់និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ ផ្លូវថ្នល់ ព្រមទាំងបាននិងកំពុងអនុវត្តគម្រោងសាងសង់ និងធ្វើការសិក្សាគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាហិរញ្ញប្បទានរបស់ដៃគូ អភិវឌ្ឍន៍។ ការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាព សេដ្ឋកិច្ចនិងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងក៏បានជំរុញការរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរផងដែរ។ ក្រសួងសម្រេចបានការចុះបញ្ជីយានយន្ត, ការចេញបណ្ណបើកបរ, ការចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន, និងការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេស មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។
ទន្ទឹមនេះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្ថែមថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញបទល្មើសមានការថយចុះធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងក៏បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ និងការដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនផាសុកភាពក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក៏មានការថយចុះផង ដែរក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។
លើសពីនេះ ក្រសួងសម្រេចបានការចុះបញ្ជីនាវាផ្លូវទឹកក្នុងប្រទេសគ្រប់ប្រភេទ និងនាវាសមុទ្រ, ការផ្តល់លិខិតអនុញ្ញាត និងបន្តសុពលភាពពាក់ព័ន្ធដឹកជញ្ជូនផ្លូវទឹក ហើយការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្ទយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញក៏មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ក្រសួងសម្រេចបាន ការផ្តល់សេវាពិសោធន៍សំណង់សាធារណការ និងការផ្តល់អាជ្ញាបណ្ណផ្លូវថ្នល់សម្រាប់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន និងបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍សំណង់ និងសាធារណការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធានានូវគុណភាពនៃសម្ភារៈសំណង់ និងការផ្តល់សេវាពិសោធន៍សំណង់ឱ្យកាន់តែល្អប្រសើរ។
ដោយឡែក អ្នកដំណើរតាមផ្លូវដែក និងសេវាដឹកជញ្ជូនផ្លូវដែក ក្រសួងបានផ្តល់សេវាដឹកជញ្ជូនទំនិញ ទាំងពីរខ្សែ មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងបានសហការជាមួយអន្តរក្រសួង ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន (O&M) លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែកជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដើម្បីឈានឆ្ពោះទៅបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី (PPP) ក្រោមរូបមន្តសាងសង់ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ កែវ សារិទ្ធ