ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គាំទ្រការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងការជំរុញឱ្យវិស័យឯកជនពង្រឹងអនុលោមភាពបង់ពន្ធ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

image



ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកម្មពិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ និងគាំទ្រចំពោះការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជំរុញឲ្យវិស័យឯកជនទាំងអស់ចូលរួមបង់ពន្ធ និងត្រូវពង្រឹងអនុ លោមភាពចំពោះការបង់ពន្ធនេះ។

ឆ្លើយតបទៅនឹងការសំណូមពររបស់អ្នកឧកញ៉ា គិត ម៉េង ដែលស្នើឲ្យស្ថាប័នប្រមូលពន្ធរបស់រដ្ឋបន្តធ្វើការកែទម្រង់ និងបង្កើនភាពងាយស្រួលសម្រាប់ការបង់ពន្ធ ត្រូវបានឯកឧត្តមឧប នាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ចំណូលពន្ធរបស់កម្ពុជា ត្រូវបានគ្រប់គ្រងតាមរយៈស្ថាប័នសំខាន់ៗពីរ ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលខុសត្រូវលើការប្រមូលពន្ធក្នុងស្រុក និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទទួលបន្ទុកប្រមូលពន្ធទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចំពោះស្ថាប័នគយ មានតួនាទីពីរ គឺការប្រមូលចំណូលពន្ធចូលរដ្ឋ និងផ្តល់នូវការសម្រួលពាណិជ្ជកម្ម ដែលមិនបង្កពិការភាពសេដ្ឋកិច្ច ធានានូវសមធម៌ សមភាព ក្នុងការបង់ពន្ធនេះ ហើយត្រូវគាំទ្រយ៉ាងសកម្មដល់ការការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម។

ទាក់ទងការគ្រប់ស្ថាប័នពន្ធដារវិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា កន្លងមកលោកបានដាក់ចេញនូវបាវចនាចំនួន ៣ និងតែងតែជម្រាបញឹកញាប់ទៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ពោលគឺបាវចនាទី១. គឺពង្រឹងអនុលោមភាព និងកៀរគរឲ្យអ្នកបង់ពន្ធចូលរួមក្នុងប្រព័ន្ធផ្លូវការនៃការបង់ពន្ធ បានន័យថា បើការធ្វើពាណិជ្ជកម្ម ត្រូវមកចុះបញ្ជី និងមកអនុវត្តក្នុងការបង់ពន្ធ ទី២. បើគេបង់ពន្ធត្រូវផ្តល់សេវាឲ្យល្អ និងឲ្យស្រួលបង់ និងទី ៣ ធ្វើឱ្យការគេចវេសពន្ធមានការលំបាកតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្តទៀតថា តាមរយៈការដាក់ចេញនូវបាវចនានេះហើយ ដែលធ្វើឲ្យអគ្គនាយកដ្ឋានរៀបចំនូវវិធានការជាច្រើន ជាពិសេសប្រឹងប្រែងចាប់យកបច្ចេកវិទ្យាឌីជីថលនេះ គឺជាចំណែកមួយដ៏សំខាន់នៃការពង្រឹងសមត្ថភាព និងពង្រឹងប្រព័ន្ធពន្ធដារកម្ពុជា ដែលនឹងផ្តល់ការសម្រួលដល់វិស័យឯកជនយ៉ាងច្រើន ក្នុងការបង់ពន្ធដារនេះ ហើយក៏ទន្ទឹមនឹងនោះ ធានានូវតម្លាភាព និងគណនីភាពទាំងសងខាង គឺទាំងអ្នកបង់ពន្ធ និងទាំងមន្ត្រី ដែលទទួលភារកិច្ចក្នុងការប្រមូលចំណូលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ផ្អែកតាមអភិក្រមខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ បាន និងកំពុងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការបន្តធ្វើការកែទម្រង់ និងការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ទាំងផ្នែករដ្ឋបាល និងផ្នែកគោលនយោបាយសារពើពន្ធ។

សូមជម្រាបថា ថ្លែងក្នុងកម្មពិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអំពាវនាវឱ្យវិស័យឯកជន ចូលរួមបង់ពន្ធស្របតាមច្បាប់ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរក្សាស្ថិរភាពជាតិ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានសំណូមពរឲ្យស្ថាប័នទទួលបន្ទុកប្រមូលចំណូលពន្ធ ក៏ត្រូវបន្តលើកកម្ពស់ភាពងាយស្រួលតម្លាភាព និងភាពជឿទុកចិត្ត ដល់វិស័យឯកជន ក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត និងង៉ាន់ សំណាង