ព័ត៌មានជាតិ

វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទកម្ពុជា និងជប៉ុន ចែករំលែកបទពិសោធគ្នា ស្តីពី “ការវះកាត់ឆ្អឹងកង ក” ដែលជាប្រធានបទសំខាន់ចំពោះអ្នកជំងឺ ព្រោះវាអាចជាកត្តាប្រឈមមុខនឹងពិការភាពអស់មួយជីវិត

image


ភ្នំពេញ៖ សិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី “ការវះកាត់ឆ្អឹងកង ក” ដែលសហការរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត ជាមួយសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា និងមន្ទីរពេទ្យ Nagoya Kyaritsu (ណាហ្គោយ៉ា ខ្យារីស៊ូ) នៃប្រទេសជប៉ុន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយប្រធានបទដែលលើកយកមកបង្ហាញនោះ ពិតជាមានសារៈសំខាន់ ចំពោះអ្នកជំងឺដែលបានបញ្ហាឆ្អឹងកង ក ព្រោះវាអាចជាកត្តាប្រឈមមុខនឹងពិការភាពអស់មួយជីវិត។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិនេះ, លោក វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការវះកាត់ឆ្អឹងកង ក ចំពោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ប៉ះទង្គិច ដុំសាច់ ការគៀបសង្កត់ខួរឆ្អឹងកង ក នៅតែជាមូលហេតុឈានមុខគេ នៃពិការភាពនៅទូទាំងពិភពលោក ខណៈបញ្ហានេះនៅតែបន្តប៉ះពាល់ដល់គុណភាពជីវិតរបស់មនុស្សរាប់លាននាក់។  
លោកអគ្គនាយករង បានបន្តថា “ក្នុងនាមជាអ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រ យើងមានបញ្ហាសុខភាពរបស់អ្នកជំងឺ គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលមានន័យថាក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញទាំងអស់ត្រូវរួមគ្នាជួយក្នុងការព្យាបាលអ្នកជំងឺរបស់យើងឱ្យបានឆាប់ជាសះស្បើយ និងអស់ពីលទ្ធភាពរបស់យើងទាំងអស់គ្នា លើសពីនេះទៅទៀតយើងត្រូវរួមគ្នាប្រយុទ្ធ រួមគ្នាទប់ស្កាត់ប្រឆាំងនឹងជំងឺឆ្លងក៏ដូចជាជំងឺមិនឆ្លង ដើម្បីជួយកសាងសហគមន៍មួយដែលមនុស្សមានអាយុសង្ឃឹមរស់មានរយៈពេលវែងជាងមុន។”
លោក វូ សុភៈរស្មី មានប្រសាសន៍បន្ថែមថា នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើត និងអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ ដោយស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ពីបណ្តាអ្នកជំនាញល្បីៗមកពីប្រទេសនានា ជាពិសេសនាថ្ងៃនេះ មានវាគ្មិនអញ្ជើញមកពីប្រទេសជប៉ុន ក្នុងគោលបំណងជម្រុញបច្ចេកទេសវះកាត់ឆ្អឹងកង ក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ជាគុណប្រយោជន៍ ដល់អ្នកជំងឺ និងសង្គមជាតិកម្ពុជា។
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធជាពិសេស វេជ្ជបណ្ឌិតឯកទេស បន្តស្វែងរកបច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ និងព្យាបាលអ្នកជំងឺឱ្យបានកាន់តែប្រសើរឡើង ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់”៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី