អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ជូនអ្នកជាប់ពន្ធ
ភ្នំពេញ៖ កម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ហៅកាត់ថា GDT Home Tax ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តិខ្ពស់ជូនអ្នកជាប់ពន្ធ ខណៈដែលប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលទៅពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធ តាមទូរស័ព្ទដៃ និង កុំព្យូទ័រ បានយ៉ាងងាយស្រួល, រហ័ស, សាមញ្ញ និងមានសុវត្ថិភាព។
ការប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រោមវត្តមានរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើក «វេទិកាពន្ធដារកម្ពុជា», ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ដែលត្រូវបានសហការរៀបចំដោយអគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មកម្ពុជា នាទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកៀរគរចំណូលជូនរដ្ឋ តាមរយៈការបន្តខិតខំអភិវឌ្ឍ និងដាក់ចេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏សម្បូរបែប រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន, កម្ពុជា ត្រូវការជាចាំបាច់ នូវរដ្ឋបាលសារពើពន្ធមួយ ដែលទំនើបនិងឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួល, តម្លាភាព និងគណនេយ្យភាពជូន អ្នកជាប់ពន្ធ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាំទ្រ និងលើកទឹកចិត្តអគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តយកចិត្តទុកដាក់ លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជា រដ្ឋបាលសារពើពន្ធ ទំនើប ឬ ហៅជាភាសាអង់គ្លេស ថា Tax Administration 3.0 នាពេលខាងមុខ, ស្របតាមចក្ខុវិស័យរួម របស់រាជរដ្ឋាភិបាល, ដូចមានចែងក្នុង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលដ៏ប្រសើរខាងលើនេះ មិនអាចកាត់ផ្តាច់ចេញបានឡើយពីការ-ចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបាន ពីសំណាក់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏ចាំបាច់ នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងដ៏រឹងមាំនៃការអភិវឌ្ឍសង្គមជាតិ។ វិស័យឯកជន បាននិងកំពុងចូលរួមបង្កើតការងារ និងមុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ ជាពិសេស ក្នុងខណៈដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង ក្នុងរយៈពេលចុងក្រោយនេះ ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ កិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូត និងកុងស៊ុល, និងទាំងដៃគូអភិវឌ្ឍនានា។
ឯកឧត្តម បានប្តេជ្ញាក្នុងការធ្វើទំនើបកម្មពន្ធដារជាប់ជាប្រចាំ ជាពិសេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឲ្យការបង់ពន្ធកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងតម្លាភាពប្រកបដោយទំនុកចិត្ត។ ហើយថា តាមរយៈការដាក់ដំណើរការ GDT Home Tax គឺចាប់ពីពេលនេះទៅអ្នកបង់ពន្ធមិនចាំបាច់ធ្វើដំណើរមកបង់ពន្ធដោយផ្ទាល់ក៏បានដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអំពាវនាវផ្នែកឯកជនទាំងអស់ ត្រូវតែចូលរួមបង់ពន្ធដើម្បីពង្រឹងសមត្ថភាពជាតិ ការពារ និងថែរក្សាសន្តិភាពនៃប្រទេសកម្ពុជា។
អ្នកឧកញ៉ា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រតិបត្តិអាជីវកម្មដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា សព្វថ្ងៃនេះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលពន្ធដារកម្ពុជា គឺជានិមិត្តសញ្ញាច្បាស់លាស់មួយ បង្ហាញពីវឌ្ឍនភាពដ៏ឆ្ងាយឆ្ងាយ ដែលកម្ពុជាបានសម្រេចក្នុងការកសាងស្ថាប័នសាធារណៈឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង និងអ៊ុន ផាន់ណាត