ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ទោះបីត្រូវប្រឈមក្នុងបរិការណ៍សកល ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់៥,២% ក្នុងឆ្នាំ២០២៥ និង ៥% សម្រាប់ឆ្នាំ២០២៦

image



ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ និងប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ នេះ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើក «វេទិកាពន្ធដារកម្ពុជា», ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ដែលត្រូវបានសហការរៀបចំដោយអគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់គួរជាទីមោទនៈ។ ជាក់ស្តែង ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស ក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក, មានកំណើន ៤៥% បើធៀបនឹងឆ្នាំ២០២៤ ។ ជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស, ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អ គួរឲ្យកត់សម្គាល់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការនាំចេញសរុបក្នុងឆ្នាំ២០២៥ បានកើនប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ២០២៤។ មួយវិញទៀត រំហូរទេសចរបរទេសមកកាន់កម្ពុជា ពិសេសកញ្ចប់ទេសចរណ៍ទីផ្សារឆ្ងាយ ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជា ទេសចរពីអឺរ៉ុប, អូស្ត្រាលី និងឥណ្ឌា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការរៀបចំនូវ «វេទិកាពន្ធដារកម្ពុជា» នេះ គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំង អង្គការ និងស្ថាប័នអន្តរជាតិ, តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា, ការផ្លាស់ប្តូរមតិយោបល់និងបទពិសោធ, និងការចែករំលែកនូវឧត្តមានុវត្តលើប្រធានបទសំខាន់ៗ ដើម្បីជំរុញនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធជូនរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, សមភាព និងសមធម៌ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យបន្ថែមទៀតថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល, កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំង ធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។

បន្ថែមលើនេះ, សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពតំបន់ និងសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងការប្រែប្រួលអាកាសធាតុផងដែរ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង និងអ៊ុន ផាន់ណាត