រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ទីរពេទ្យជាតិ ត្រូវមានទំនាក់ទំនងល្អ និងខិតខំជួយដល់មន្ទីរពេទ្យខេត្ត
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានណែនាំដល់មន្ទីរពេទ្យជាតិ ត្រូវមានទំនាក់ទំនងល្អ និងខិតខំជួយដល់មន្ទីរពេទ្យខេត្តដែលជាសម្ព័ន្ធមេត្រីគ្នា ក្នុងភាពជាលំនាំការរៀបចំរចនាសម័្ពន្ធ និងបទបញ្ជាផ្ទៃក្នុង នៅមន្ទីរពេទ្យខ្លួនឱ្យបានត្រឹមត្រូវ។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលឆ្នាំ២០២៥ និងការរៀបចំផែនការអនុវត្តសកម្មភាពឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត, លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ឈរជាសសរទ្រូងនៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយការរៀបចំសិក្ខាសាលានេះ ជាការប្រមូលផ្ដុំ ដើម្បីបង្កើនភាពទុកចិត្ត និងក្តីសង្ឃឹមដល់អ្នកជំងឺ ឱ្យស័ក្ដិសមនឹងទទួលបាននូវគុណតម្លៃនេះ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា៖ «ការវិនិយោគលើគុណភាពសេវាសុខាភិបាលនៅថ្ងៃនេះ គឺជាការវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគត។ បើប្រជាជនមានសុខភាពល្អ ប្រជាជននឹងមានសមត្ថភាពខ្ពស់ក្នុងការរៀនសូត្រ បង្កើនផលិតភាពនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការបម្រើសេវាដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងសមធម៌»។
ដើម្បីធានាបានការអនុវត្តសម្រេចបាននូវនិរន្តរភាព គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាពជូនប្រជាពលរដ្ឋ, លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំនៃសិក្ខាសាលា ត្រូវពិភាក្សាវែកញែកឱ្យបានស៊ីជម្រៅ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីលក្ខន្តិកៈរបស់មន្ទីរពេទ្យ ជាមួយនឹងការផ្តល់ជាយោបល់ពីមន្ទីរពេទ្យជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានលក្ខខណ្ឌធ្វើឱ្យមានការរីកចម្រើនរំកិលចូលបរិបទ ក្នុងវិស័យហិរញ្ញប្បទានសុខាភិបាល តាមបណ្តារាជធានី ខេត្ត ស្រុក។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងអ្នកជំនាញសុខាភិបាល ត្រូវពិនិត្យលើដំណើរការរបស់អង្គភាពជារួម តាមបែបបទរដ្ឋបាល នៃការគ្រប់គ្រងលក្ខន្តិកៈដោយឡែក ធនធានមនុស្ស និងការទុកដាក់គ្រប់គ្រងហរិញ្ញវត្ថុបានត្រឹមត្រូវសមស្របតាមនីតិវិធី។
សូមជម្រាបជូនថា សិក្ខាសាលាបានផ្តោតលើផ្នែកសំខាន់ៗ ចំនួន ៤៖ ១.ផ្នែកថែទាំជំងឺធ្ងន់(ICU) ២.ផ្នែកថែទាំទារកទើបកើត ៣.ផ្នែកវះកាត់ និង៤.សេវាមន្ទីរពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះនៃការថែទាំរបស់មន្ទីរពេទ្យ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ