ព័ត៌មានជាតិ

អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ណែនាំដល់វេជ្ជបណ្ឌិតឯកទេស ឱ្យបន្តពង្រឹងជំនាញរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ផ្នែកសុខភាពរបស់អ្នកជំងឺ

image



ភ្នំពេញ៖ លោក វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ណែនាំថា ក្នុងនាមវេជ្ជបណ្ឌិតឯកទេស ការប្តេជ្ញាចិត្តបន្តពង្រឹងជំនាញរបស់ខ្លួន និងបង្កើនកិច្ចសហការរវាងអង្គភាព និងអង្គភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ផ្នែកសុខភាពទាំងឡាយរបស់អ្នកជំងឺ ដោយឈរលើគោលការណ៍ និងពិធីសាររួមគ្នា ព្រមទាំងការប្រកាន់ភ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីវគ្គបណ្តុះបណ្តាល "ការថែទាំ និងការប្រើប្រាស់អាហារូបត្ថម្ភ សម្រាប់ក្រុមគ្រូពេទ្យវះកាត់" នាមន្ទីរពេទ្យកាល់ម៉ែត, លោកអគ្គនាយករងមន្ទីរពេទ្យ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកបទពិសោធ រវាងអ្នកជំនាញ ក្នុងគោលបំណងបណ្តុះបណ្តាល នូវចំណេះដឹងគោល ក្នុងការថែទាំ និងប្រើប្រាស់អាហារូបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ ក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមមានផ្នែកសល្យសាស្រ្តុ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសល្យសាស្រ្តប្រព័ន្ធប្រសាទ និងផ្នែកវះកាត់បេះដូង។

បន្ថែមពីនេះទៅទៀត ក៏មានការចូលរួមពីសំណាក់គិលានុបដ្ឋាក ក៏ដូចជាក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលដៅជួយពង្រឹងគុណភាពព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក វូ សុភៈរស្មី បានបន្ថែមថា ទន្ទឹមនឹងបច្ចេកទេសវះកាត់បានត្រឹមត្រូវ និងជោគជ័យ សារពាង្គកាយរបស់អ្នកជំងឺ ទាមទារឱ្យមានការទទួលទានរបបអាហារ តាមប្រភេទជំងឺ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យសុខភាពរបស់អ្នកជំងឺ ឆាប់វិលត្រឡប់មកស្ថានភាពល្អ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្ការការចម្លងមេរោគផ្សេងៗ យ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ មូលដ្ឋានចំណេះដឹងផ្នែកអាហារូបត្ថម្ភ បង្កើនការអនុវត្តផ្អែកលើស្តង់ដាវិទ្យាសាស្ត្រ និងពង្រឹងការសហការ រវាងក្រុមពហុជំនាញ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាព ជូនដល់អ្នកជំងឺវះកាត់៕

អត្ថបទ៖ សន ពិសិដ្ឋ