រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សន្និបាតក្រសួងមហាផ្ទៃ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ
សូមជម្រាបថា ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត។ ប្រធានបទទាំង១១ ដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖
*ទី១៖ បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេងទំនើង ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ។ *ទី២៖ បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល។ *ទី៣៖ បទអន្តរាគមន៍ស្តីពី ការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារ អត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
*ទី៤៖ បទអន្តរាគមន៍ស្តីពី វិធានការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។*ទី៥៖ បទអន្តរាគមន៍ស្តីពី យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ធំ ។*ទី៦៖ បទអន្តរាគមន៍ស្តីពី ការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥លានដុល្លារ ចុះក្រោម ដោយ រដ្ឋបាលខេត្តតាកែវ។*ទី៧៖ បទអន្តរាគមន៍ស្តីពី ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ រដ្ឋបាលខេត្តប៉ៃលិន ។*ទី៨៖ បទបង្ហាញចែករំលែកបទពិសោធ អំពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។*ទី៩៖ បទបង្ហាញចែករំលែកបទពិសោធ អំពីផែនការរៀបចំដែនដីប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ រដ្ឋបាលខេត្តស្វាយរៀង
*ទី១០៖ បទបង្ហាញចែករំលែកបទពិសោធ អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយ អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៃរដ្ឋបាលរាជធានីភ្នំពេញ។*ទី១១៖ បទបង្ហាញចែករំលែកបទពិសោធ អំពីវឌ្ឍនភាព និងបទពិសោធទទួលបានពីការអនុវត្តអភិក្រមថ្មីក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអង្គការ UNICEF៕