ព័ត៌មានអន្តរជាតិ

លោក ពុទីន៖ រុស្ស៊ី និងចិន នឹងរួមគ្នាការពារការពិតនៃប្រវត្តិសាស្ត្រក្នុងឱកាសខួប ៨០ ឆ្នាំនៃទិវាជ័យជម្នះ

image



រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន មានប្រសាសន៍ថា រុស្ស៊ី និងចិន ផ្ដល់តម្លៃយ៉ាងខ្លាំងលើ «ការពិតនៃប្រវត្តិសាស្ត្រ» ទាក់ទងនឹងសង្គ្រាមលោកលើកទី២ ហើយប្រទេសទាំងពីរតែងតែចងចាំនូវវីរភាពដ៏អស្ចារ្យរបស់ប្រជាជនខ្លួន។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងកិច្ចសន្ទនាតាមវីដេអូជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃពុធ ។

លោក ពុទីន បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា យើងបានរៀបចំខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ប្រកបដោយជោគជ័យ កាលពីខែឧសភានៅទីក្រុងមូស្គូ និងខែកញ្ញានៅទីក្រុងប៉េកាំង។ ការដែលយើងចូលរួមជាមួយគ្នាក្នុងថ្ងៃទាំងនោះ បានបង្ហាញឱ្យពិភពលោកឃើញពីសាមគ្គីភាព និងការត្រៀមខ្លួនរបស់រុស្ស៊ី និងចិន ក្នុងការរក្សាតម្លៃប្រវត្តិសាស្ត្រ និងរក្សានូវការចងចាំពីការលះបង់ជីវិតមនុស្សរាប់សិបលាននាក់ ដើម្បីនាំមកនូវសន្តិភាពដល់ពិភពលោកវិញ» ។

ក្រៅពីនេះ លោក ពុទីន ក៏បានលើកឡើងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ លោកបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន បានកើនលើស ២០០ ពាន់លានដុល្លារ ជាប់ៗគ្នា ៣ឆ្នាំហើយ។ ចំណែកឯការដោះដូរទំនិញកសិកម្មវិញ បានកើនឡើងជាង ២០%។ លោកកត់សម្គាល់ថា រុស្ស៊ីគឺជា «អ្នកដឹកនាំក្នុងការផ្គត់ផ្គង់ថាមពលដល់ប្រទេសចិន» ដែលកិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ខ្លាំង និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY