ពលរដ្ឋអ៊ីរ៉ាក់ ចេញមុខតវ៉ាប្រឆាំងនឹងបរទេស ដែលព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេស
អ៊ីរ៉ាក់៖ កាលពីពេលថ្មីៗកន្លងទៅ មនុស្សជាច្រើននៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងការព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេស ពីសំណាក់បរទេស ។
ភាពតានតឹងនេះ កើតឡើងបន្ទាប់ពីមានការតែងតាំងលោក នូរី អាល់ម៉ាលីគី (Nouri al-Maliki) ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយនៅពេលនោះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បង្ហោះសារលើបណ្ដាញសង្គមទ្រូសសូសល់ (Truth Social) ថា នេះជា «ជម្រើសដ៏អាក្រក់» ហើយអ៊ីរ៉ាក់ អាចនឹងត្រូវបានកាត់ផ្ដាច់ជំនួយទាំងអស់ ប្រសិនបើនៅតែបន្តជ្រើសរើសបេក្ខភាពមេដឹកនាំរូបនេះ ។
ការលើកឡើងខាងលើនេះ នាំឱ្យពលរដ្ឋអ៊ីរ៉ាក់ រួមទាំងមេដឹកនាំកុលសម្ព័ន្ធ និងអង្គការយុវជន មានភាពមិនពេញចិត្ត ដោយចាត់ទុកថាជាសម្ពាធដែលមិនធ្លាប់មានលើប្រទេសឯករាជ្យ។ លោក សេក្ខ កាហ្សេម (Sheikh Kazzem) និងបាតុករដទៃទៀត បានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ាក់គឺជាទឹកដីអរិយធម៌ដែលមានឆន្ទៈរឹងមាំ ហើយពួកគេនឹងមិនអនុញ្ញាតឱ្យបរទេសណាមកបង្ខំចិត្ត ឬបង្គាប់បញ្ជាឱ្យជ្រើសរើសមេដឹកនាំតាមចិត្តចង់ឡើយ ។
ក្រៅពីបញ្ហានយោបាយ ក្រុមអ្នកតវ៉ានៃតំណាងយុវជន បានលើកយកស្ថានភាពនៅស៊ឺរី លីបង់ និងហ្គាហ្សា មកធ្វើជាភស្តុតាងដែលបង្ហាញថា ប្រទេសមហាអំណាចខាងក្រៅគ្រាន់តែប្រើពាក្យ «សិទ្ធិមនុស្ស» ជាលេសបិទបាំងការបំផ្លិចបំផ្លាញប៉ុណ្ណោះ។ បន្ថែមពីនេះ លោកស្រីបណ្ឌិត សូហឺ អាល់សារ៉ាហ្វ (Dr. Soheir al-Sarraf) ដែលជាទីប្រឹក្សានៃសម្ព័ន្ធរដ្ឋច្បាប់ ក៏បានសង្កត់ធ្ងន់ដែរថា ការជ្រើសរើសមេដឹកនាំ គឺជាសមិទ្ធផលនៃលទ្ធិប្រជាធិបតេយ្យដែលត្រូវតែគោរព ។
បច្ចុប្បន្ន ខណៈដែលសភាអ៊ីរ៉ាក់ កំពុងត្រៀមបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់នាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវពន្យារពេលជាបន្តបន្ទាប់ ដោយស្ថានភាពនេះ ក៏បានក្លាយជាការសាកល្បងដ៏ធំមួយថា តើអ៊ីរ៉ាក់មានលទ្ធភាពធន់នឹងសម្ពាធពីខាងក្រៅបានកម្រិតណា ដើម្បីការពារអធិបតេយ្យភាព និងសម្រេចជោគវាសនានយោបាយដោយខ្លួនឯង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ RT