ក្រសួងការងារ បណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើកកម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ កន្លងមកនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារដល់សិក្ខាកាមសរុប ៣០៨នាក់ (ស្រី ១៧៣នាក់) មកពីសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជកប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងសុខភាពការងារ។ ប្រធានបទសំខាន់ៗរួមមាន៖ ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ ឥរិយាបថបំពេញការងារ ការទប់ស្កាត់មេរោគអេដស៍ និងគ្រឿងញៀន និងក៏មានការចូលរួមផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងជាដើម។
វគ្គបណ្តុះបណ្តាលនេះ ក៏បានចូលរួមផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ក៏ដូចជាការពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារដល់ប្រតិភូបុគ្គលិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តរួមការងារនៅកន្លែងធ្វើការ ដោយប្រើវិធីសាស្ត្រត្រឹមត្រូវឱ្យបានទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្នដែលអាចកើតមានឡើងជាយថាហេតុ៕