ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកទៅយកព័ត៌មាន នៅតំបន់គ្រោះថ្នាក់
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេស ស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាន នៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹងបន្ថែម លើវិធីជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា ការបណ្តុះបណ្តាលឱ្យអ្នកសារព័ត៌មាន បានយល់ដឹងពីវិធីជួយសង្គ្រោះបឋម ពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះ អាចនឹងប្រឈមគ្រោះថ្នាក់ដល់ជីវិត។ លោកបានបន្ថែមថា ក្រមសីលធម៌អ្នកសារព័ត៌មាន ក្រៅតែពីការផ្សព្វផ្សាយ ប្រសិនបើអាចជួយដល់ជនរងគ្រោះបាន គឺជារឿងល្អ និងជាអាទិភាព។
លោក ពុយ គា បានឱ្យដឹងដែរថា នេះគឺជាលើកទី១ហើយ ដែលក្លិបអ្នកកាសែតបានរៀបចំវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទមួយនេះ ដែលកន្លងមកធ្លាប់តែតាមក្រុមហ៊ុននានា បានរៀបចំ ដោយក្លិបយល់ឃើញថា អ្នកសារព័ត៌មាន ទៅយកព័ត៌មាននៅតាមព្រំដែន ឬនៅតំបន់គ្រោះថ្នាក់ ដែលវាសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន យកទៅអនុវត្តខ្លួនឯង និងចែករំលែកទៅដល់អ្នកដទៃ។
លោកវេជ្ជបណ្ឌិតឯកទេស និន ចន្ថា នាយផ្នែកសាមុយ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកសារព័ត៌មាន ដែលហេតុការណ៍គ្រោះថ្នាក់ តែងតែកើតឡើងនៅតាមដងផ្លូវ ហើយភាគច្រើនអ្នកសារព័ត៌មាន បានដឹងមុនគេថែមទៀតផង តែមិនហ៊ានជួយសង្គ្រោះ ដោយសារមិនមានចំណេះដឹងផ្នែកសង្គ្រោះបឋម ដូចនេះការទទួលបានការបណ្តុះបណ្តាលនាពេលនេះ នឹងអាចយកទៅអនុវត្តបាន ដើម្បីសង្គ្រោះជនរងគ្រោះបាន។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូពេទ្យជំនាញ ផ្នែកសាមុយ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែង ជូនដល់ក្រុមអ្នកសារព័ត៌មាន មកពីចម្រុះស្ថាប័ន ប្រមាណ៧០នាក់៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ