វិស័យដឹកជញ្ជូន ត្រូវបានចាត់ទុកជាសក្តានុពលខ្លាំងក្លាមួយរបស់ខេត្តសៀមរាប ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម
សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក សុខ ថុល បានអះអាងថា ក្រៅពីវិស័យទេសចរណ៍ និងកសិកម្មនោះ វិស័យដឹកជញ្ជូន(Logistic) ក៏ជាសក្តានុពលខ្លាំងក្លាមួយរបស់ខេត្តសៀមរាប ផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធនានាកំពុងត្រូវបានផ្សាភ្ជាប់ខេត្តមួយនេះ ទៅកាន់ពិភពខាងក្រៅ។
លោក សុខ ថុល បានលេីកឡេីងដូចនេះក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្ត នៃកម្មវិធីពន្លកចំណេះ ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រុងសៀមរាប។ លោកបានឱ្យដឹងថា នាពេលថ្មីៗនេះខេត្តសៀមរាប បានទទួលសមិទ្ធិផលធំៗជាច្រើន ពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានដូចជា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីសៀមរាបអង្គរ ដែលគម្រោងធំៗទាំងពីរនេះក៏បានសម្ភោធដាក់ឱ្យដំណើរការរួចរាល់ហើយ។
លោកបានបន្តថា នៅក្នុងពេលដ៏ឆាប់ខាងមុខ ខេត្តសៀមរាបយើងក៏នឹងទទួលបានសមិទ្ធិផលដ៏ធំមួយទៀត ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ គឺគម្រោងផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ និងភ្ជាប់បន្តទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងតភ្ជាប់ខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែត ក៏ដូចជាទីក្រុងបាងកកប្រទេសថៃ។
លោក សុខ ថុល បានបន្ថែមថា ជាមួយគ្នានេះផងដែរ ខេត្តសៀមរាបក៏អាចភ្ជាប់ខ្លួនទៅនឹងគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលអាចភ្ជាប់ខេត្តសៀមរាប ទៅកាន់សមុទ្រទឹកជ្រៅ នៃខេត្តព្រះសីហនុ តែម្តង។ ដូច្នេះសៀមរាបបច្ចុប្បន្ន ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម វិស័យដឹកជញ្ជូន(Logistic) ក៏ជា សក្តានុពលខ្លាំងក្លាមួយរបស់ខេត្តសៀមរាបផងដែរ។
សូមជម្រាបថា វេទិកាគោលនយោបាយថ្នាក់ខេត្តនេះ រៀបចំឡើងដោយកម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយអង្គការមូលនិធិអាស៊ី ចាប់តាំងពីឆ្នាំ២០១៩។ សម្រាប់វេទិការឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៤ រួមមាន៖
១. ការតភ្ជាប់សំឡេងមូលដ្ឋានទៅថ្នាក់ជាតិ ដោយបង្កើតស្ពានចម្លងបទពិសោធន៍ និងទិន្នន័យផ្ទាល់ពីថ្នាក់ខេត្ត ទៅកាន់អ្នកធ្វើសេចក្ដីសម្រេចចិត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យគោលនយោបាយជាតិឆ្លុះបញ្ចាំងពីតម្រូវការពិតរបស់ពលរដ្ឋ។
២. ការលើកកម្ពស់គោលនយោបាយផ្អែកលើទិន្នន័យ (Evidence-based) ដោយបង្ហាញឱ្យឃើញថាការ តាក់តែងគោលនយោបាយដែល "ឆ្លាតវៃ" គឺត្រូវតែផ្អែកលើទិន្នន័យច្បាស់លាស់ និងការចូលរួមមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។
៣. ការបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវ និងការពិភាក្សានៅថ្នាក់ខេត្ត ដោយបង្ហាញពីសមិទ្ធផលជាក់ស្តែងនៃការស្រាវជ្រាវ និងការអនុវត្តដែលកម្មវិធីពន្លកចំណេះបានគាំទ្រ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃវិធីសាស្ត្រការងារនៅតាមបណ្តាខេត្តគោលដៅ
និងទី៤. ការកសាងបណ្តាញសម្ព័ន្ធភាពទិន្នន័យ ដោយពង្រឹងកិច្ចសហការ និងការយល់ដឹងរវាងរាជរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន ស្ថាប័នស្រាវជ្រាវ និងសហគមន៍ដើម្បីបង្កើតឱ្យមាន "ប្រព័ន្ធអេកូឡូស៊ីចំណេះដឹង" មួយ ដែលជួយគ្នាទៅវិញទៅមកក្នុងដំណើរការនយោបាយ៕
អត្ថបទ៖ ជា ស្រស់