ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួនព្រះសង្ឃថៃ ៤ អង្គនៅខេត្តឈុនបុរី ពីបទប្រើប្រាស់គ្រឿងញៀន និងរក្សាទុកវីដេអូ ជាមួយនឹងឧបករណ៍អាសអាភាសខុសច្បាប់

image



ថៃឡង់ដ៍៖ តាមរយៈការចុះផ្សាយរបស់កាសែត ញូវបៃថ៍ (NewsBytes) កាលពីថ្ងៃទី៣ ខែកុម្ភៈ បានឱ្យដឹងថា សមត្ថកិច្ចថៃ បានឆ្មក់ចូលត្រួតពិនិត្យវត្តព្រហ្មស៊ុនថន (Phrom Sunthon) ក្នុងខេត្តឈុនបុរី ដោយបានរកឃើញព្រះសង្ឃចំនួន ៤អង្គ មានរក្សាទុករបស់ខុសច្បាប់ជាច្រើន។ ប្រតិបត្តិការឆ្មក់ឆែកឆេរនេះធ្វើឡើងបន្ទាប់ពីអ្នកភូមិបានប្ដឹងថា ព្រះសង្ឃទាំងនោះ កំពុងប្រើប្រាស់គ្រឿងញៀន និងលាក់ទុកឧបករណ៍ខុសច្បាប់។ ក្នុងអំឡុងចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថាមានរក្សាទុកនូវរូបភាពវីដេអូអាសអាភាស ឧបករណ៍ផ្លូវភេទ ឧបករណ៍ពង្រីកប្រដាប់ភេទ និងបញ្ជីឈ្មោះលេខទូរសព្ទស្រីកំដរថែមទៀតផង ។

ព្រះសង្ឃដែលត្រូវអាជ្ញាធរចាប់ខ្លួន រួមមាន ភិក្ខុ ស៊ុផាឆៃ ចន្ទៈវង់(Supachai Jantawong)(ព្រះជន្ម ៣៥ វស្សា), ភិក្ខុ វីរ៉ាត់ មុខដាសានីត(Wirat Mukdasanit) (ព្រះជន្ម ៤៥ វស្សា), ភិក្ខុ ថានាភុល ម៉ៃសុន(Thanapol Maison) (ព្រះជន្ម ៥៩ វស្សា) និងព្រះចៅអធិការវត្ត ភិក្ខុ ផូធីសាង ទេពមន្ត (Photisang Taebmuan)។ ក្រោយរកឃើញការពិត ព្រះសង្ឃទាំង ៤ អង្គត្រូវបានផ្សឹក និងហាមឃាត់មិនឱ្យបួសតទៅទៀតឡើយ។ ក្នុងចំណោមនោះ ៣អង្គត្រូវអាជ្ញាធររកឃើញថាមានសារធាតុញៀន (ម៉ាទឹកកក) ក្នុងខ្លួន ។

ចំពោះចៅអធិការវត្តវិញ ត្រូវអាជ្ញាធររកឃើញថាជាជនជាតិការ៉ែន (ជនជាតិភាគតិចមកពីប្រទេសមីយ៉ាន់ម៉ា) និងមិនមានឈ្មោះក្នុងបញ្ជីឆាយាប័ត្រត្រឹមត្រូវឡើយ។ ចៅអធិការវត្តអង្គនេះ ត្រូវបានបញ្ជូនទៅកាន់មន្ត្រីអន្តោប្រវេសន៍ដើម្បីស៊ើបអង្កេត និងបណ្ដេញចេញពីប្រទេសថៃ។ ចំណែកលោក ស៊ុផាឆៃ ដែលមានសារធាតុញៀន បានសារភាពថា ខ្លួនប្រើប្រាស់គ្រឿងញៀនដើម្បីបំបាត់ការឈឺចាប់ពីជំងឺទឹកនោមផ្អែម និងលើសឈាម ។

រឿងអាស្រូវរបស់ព្រះសង្ឃថៃចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីធ្លាប់មានរឿងរ៉ាវធំ កាលពីខែកក្កដា ឆ្នាំ ២០២៥ ដែលមានស្ត្រីម្នាក់ឈ្មោះ ស៊ីកា ហ្គោល (Sika Golf) ត្រូវបានចាប់ខ្លួនពីបទគំរាមទារប្រាក់ពីសង្ឃជាន់ខ្ពស់ជាច្រើនអង្គ ដោយប្រើរូបភាព និងវីដេអូអាសអាភាស។ កាលនោះ នាងបានគំរាមទារប្រាក់សរុបប្រហែល ៣៨៧ លានបាត (ជាង ១០ លានដុល្លារអាម៉េរិក)។ ទោះបីជាព្រះពុទ្ធសាសនាជាសាសនាធំនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែព្រះសង្ឃថៃ តែងតែប្រឈមរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ NewsBytes/ Singapore Uncensored | រូបភាព៖ NewsBytes/ Singapore Uncensored/ Viral Press/ Mega