ព័ត៌មានជាតិ

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៖ នៅឆ្នាំ២០២៦នេះ មានក្រុមហ៊ុន ៥ បានបញ្ជាទិញស្ករត្នោតពីកសិករ ២៥៨តោន ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស

image



ភ្នំពេញ៖ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ អះអាងថា តម្រូវការទីផ្សារស្ករត្នោតកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ជាងឆ្នាំមុន ខណៈមានក្រុមហ៊ុនចំនួន ៥ បានបញ្ជាទិញស្ករត្នោតពីកសិករចំនួន ២៥៨តោន។ ការកើនឡើងនេះ បង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់សក្តានុពលនៃវិស័យស្ករត្នោតធម្មជាតិ និងតម្រូវការកើនឡើងខ្ពស់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញក្រៅប្រទេសផងដែរ។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ CNC ឱ្យដឹងថា នៅឆ្នាំ២០២៦នេះ មានក្រុមហ៊ុនចំនួន ៥ បានបញ្ជាការទិញប្រភេទស្ករម្សៅសរីរាង្គចំនួន ២៥៨តោន ក្នុងនោះ ស្ករម្សៅចំនួន ១២៨តោន, ស្ករសាច់ចំនួន ១៣០តោន និងស្ករស៊ីរ៉ូចំនួន ៣តោន។ ចំពោះ តម្លៃនៅតែរក្សាបានទីផ្សារល្អ ដែលសមាជិកជាកសិករអាចទទួលយកបាននូវតម្លៃនេះ ខណៈដែលក្រុមហ៊ុនចំនួន ៥ បានចរចាបញ្ជារទិញពីពួកគាត់។

ជុំវិញបញ្ហាអាកាសធាតុក្តៅវិញ, លោក សំ សារឿន បានគូសបញ្ជាក់ថា នៅឆ្នាំនេះ រហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថាតើបរិមាណផលិតកើនឡើង ឬមួយក៏ថយចុះនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺមានការបញ្ជាទិញពីក្រុមហ៊ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ជាងឆ្នាំ២០២៥ កន្លងទៅនេះ។

លោកបន្ថែមទៀតថា នៅក្នុងបរិមាណស្ករម្សៅសរុបទាំង ២៥៨តោន មានប្រមាណ ២០ ភាគរយ លក់នៅក្នុងស្រុក និង ៨០ភាគរយផ្សេងទៀត នឹងនាំចេញទៅចែកចាយនៅលើទីផ្សារក្រៅប្រទេសចំនួន ១៦ រួមមាន ទីផ្សារ ជប៉ុន, អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ សមាគមស្ករត្នោតកំពង់ស្ពឺ ធានាបាននូវការផលិតស្ករត្នោតសុទ្ធសរីរាង្គ និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលធ្វើឲ្យតម្លៃកើនឡើងខ្ពស់ជាងស្ករលាយធម្មតា។

លោក សំ សារឿន បានបញ្ជាក់ថា ប្រភេទស្ករម្សៅសរីរាង្គ និងស្ករត្នោតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមួយតោនកសិករអាចលក់ថ្លៃជាងប្រាំពីរលានរៀល ហើយនៅក្នុងមួយរដូវសម្រាប់កសិករឡើងត្នោតតិចជាងគេ បានចំណូលជាង ២៥០០ដុល្លារ។ ដោយឡែក អ្នកឡើងត្នោតចាប់ពី ១៥ដើមឡើងទៅអាចរកប្រាក់ចំណូលបានដល់ ៦០០០ដុល្លារ។

ទាក់ទងនឹងស្ករត្នោតកំពង់ស្ពឺ, សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានចក្ខុវិស័យរបស់ខ្លួនចង់ឃើញប្រជាកសិករ ដែលជាអ្នកប្រកបរបរឡើងត្នោតមានជីវភាពល្អប្រសើរ តាមរយៈសមាគមជួយផ្សព្វផ្សាយ រកទីផ្សារជូនប្រជាកសិករ ការពារផលិតផលរបស់អ្នកឡើងត្នោត និងចុះបង្រៀនផ្នែកបច្ចេកទេស ការកត់ត្រាទិញ លក់នៅក្នុងរដូវកាលផលិតស្ករត្នោត។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានទិញ-លក់ស្ករត្នោតសរុបចំនួន ១៥៨តោន ក្នុងនោះ មានស្កម្សៅចំនួន ១០៨តោន, ស្ករសាច់ ៤២តោន និងស្ករស៊ីរ៉ូ ៧តោន។ បច្ចុប្បន្ន សមាជិកផលិតស្ករត្នោតមានចំនួន ១៥០គ្រួសារ ក្នុងនោះមានសមាជិកដែលជាក្រុមហ៊ុនចំនួន ១២ក្រុមហ៊ុន៕

អត្ថបទ៖ ចេង ឆហួត