ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិជំងឺមហារីក និងឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ទទួលបានករណីពិគ្រោះជំងឺមហារីក ជិត៣ម៉ឺន៩ពាន់ករណី កើនឡើងជាង៦១% ធៀបនឹងឆ្នាំ២០២៤
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាលថ្មីៗនេះ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា មានអ្នកជំងឺមហារីកចំនួន ជិត៣ម៉ឺន៦ពាន់នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយមហារីកសុដន់ឈរជួរទី១។ ដោយឡែក នៅមន្ទីរពេទ្យកាល់ម៉ែត នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនិងឈាម ទទួលបានករណីពិគ្រោះជំងឺមហារីក ជិត៣ម៉ឺន៩ពាន់ករណី (ច្រើនជាងចំនួនអ្នកជំងឺ ដោយសារអ្នកជំងឺម្នាក់ អាចមានច្រើនជាង១ករណី) កើនឡើង ៦១.៦១% ធៀបនឹងឆ្នាំ២០២៤ ហើយករណីថ្មីចំនួនជាង៤ពាន់ករណី (កើនឡើង ៥៤.៧៦% ធៀបនឹងឆ្នាំ ២០២៤)។
ថ្លែងក្នុងទិវាមហារីពិភពលោក ខួបលើកទី២៧ ក្រោមប្រធានបទ “រួមគ្នា ក្នុងភាពខុសគ្នា” ដែលប្រារព្ធធ្វើជាលើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត, លោកសាស្រ្តាចារ្យ គង់ សន្យា បានបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមកពិនិត្យរកឃើញជំងឺ នៅដំណាក់កាលទី១ និងទី២ អត្រាជាសះស្បើយ មានអត្រាខ្ពស់បំផុត ប៉ុន្តែក្នុងដំណាក់កាលទី៣ និងទី៤ មានចំនួនតិចតួច។
"ករណីកើនឡើងនេះ មានន័យថា អ្នកជំងឺមានការយល់ដឹងខ្ពស់ មកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យយើង កាន់តែច្រើនឡើង ហើយយើងក៏មានឱកាសទទួលបានការព្យាបាល អ្នកជំងឺនៅក្នុងដំណាក់កាលទី១ ឬទី២ ដែលអាចព្យាបាលគាត់ បានជាសះស្បើយ" នេះជាប្រសាសន៍លើកឡើងរបស់លោកសាស្ត្រាចារ្យ គង់ សន្យា។
លោកសាស្ត្រាចារ្យ គង់ សន្យា បានបន្តថា កម្រិតស្តង់ដារនៃការព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត មានប្រហាក់ប្រហែលនឹងប្រទេសជឿនលឿន ដូចជាការព្យាបាលដោយចាក់ថ្នាំគីមី និង ការព្យាបាលដោយបាញ់កាំរស្មី។ មន្ទីរពេទ្យកាល់ម៉ែត នឹងបន្តអភិវឌ្ឍន៍តាមរយៈការបំពាក់នូវម៉ាស៊ីនភេតស៊ីធី, ការផលិតថ្នាំស៊ីកូត្រូន ដែលបម្រើឱ្យការថតភេតស៊ីធី នោះមន្ទីរពេទ្យនឹងអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានោះ មន្ទីរពេទ្យកាល់ម៉ែត មានផែនការបំពាក់ម៉ាស៊ីបាញ់កាំរស្មីទី២ នាពេលខាងមុខ ដើម្បីឆ្លើយតបនឹងការកើនឡើងយ៉ាងខ្លាំង នៃអ្នកជំងឺមហារីក។
លោកអគ្គនាយកមន្ទីរពេទ្យ បានផ្តល់ការណែនាំថា ដើម្បីបង្ការជំងឺមហារីក គឺមានថ្នាំវ៉ាក់សាំងខ្លះ ដូចជាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកថ្លើម ខណៈជំងឺផ្សេងទៀត មិនទាន់មានវ៉ាក់សាំងនៅឡើយ ប៉ុន្តែយើងអាចកាត់បន្ថយអត្រាកើតជំងឺទាំងនោះបាន គឺត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព ដោយការទទួលទានត្រឹមត្រូវ ហាត់ប្រាណទៀងទាត់ (៣០នាទីជារៀងរាល់ថ្ងៃ) និងសូមឱ្យយកចិត្តទុកដាក់បន្ត និងតាមដានពិនិត្យសុខភាពជាប្រចាំ ដើម្បីបង្ការ និងរកឃើញនូវជំងឺ បានទាន់ពេលវេលា ជាពិសេសគឺមហារីកនេះតែម្ដង។
សូមជម្រាបថា ទិវាមហារីកពិភពលោក គឺជាចំណែកមួយ នៃការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺមហារីក។ គោលបំនងនៃទិវានេះ គឺពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹង លើកទឹកចិត្តដល់អ្នកជំងឺ ក្រុមគ្រួសារនិងបុគ្គលិកសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យនិងដៃគូពាក់ព័ន្ធ និងពិសេសបង្ហាញពីការដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយបន្ទុកជំងឺមហារីក៕
អត្ថបទ៖ សន ពិសិដ្ឋ