សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនខ្មែរ ជាយុវជនគណបក្សប្រជាជនកម្ពុជានៅរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាម៉េរិក ដែលបានឈឺឆ្អាល និងរួមចំណែកជួយដល់ជនភៀសសឹកកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ កុម្ភ: ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលជាយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថាក្រោយជំនួបសំណេះសំណាលថា សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការមកដល់ និងបានអរគុណ ប្រជាជន ក៏ដូចជាយុវជន និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅតំបន់នានាខាងលិចសហរដ្ឋអាម៉េរិក បានចូលរួមចំណែកជួយដល់ជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាដែលនាំមកនូវអំណោយជា សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាផងដែរដែលបានបានបង្ហាញពីការឈឹឆ្អាលពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក បើទោះបីជាគាត់នៅឯនាយសមុទ្រក៏ពិតមែន ក៏ប៉ុន្ដែ យុវជន និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅតំបន់នានាខាងលិចសហរដ្ឋអាម៉េរិកនៅតែនឹករលឹកដល់បងប្អូនជនភៀសសឹកកម្ពុជាជានិច្ច។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្ដីរីករាយ និងបានមើលឃើញពីការយកចិត្ដទុកដាក់របស់យុវជន និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅតំបន់នានាខាងលិចសហរដ្ឋអាម៉េរិក មកលើបងប្អូនជនភៀសសឹកកម្ពុជាក្នុងនាមជាជាតិសាសន៍តែមួយ និងស្រលាញ់ទឹកដីរបស់ខ្លួន៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម