ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋ

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក  ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើង ស្របតាមចំណងមិត្តភាព កិច្ចសហ ប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលបានឈរយ៉ាងរឹងមាំ ស្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

លោកបណ្ឌិត កែវ ពិសិដ្ឋ អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បានឱ្យដឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៦ នេះ  នៅវិមានរដ្ឋសភា ក្នុងពេលលោកប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានលោកប្រធានព្រឹទ្ធសភា និងបានចាត់ទុកវត្តមានលោកនៅកម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថានដែលបានរៀបចំនូវសន្និសីទប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទនេះ ក៏បានចេញសេចក្តីប្រកាសគំាទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យភាគីទំាងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នា។ 

លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្ដែងនូវការអរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅជូនគណៈប្រតិភូនាឱកាសនេះ ជាពិសេស លោកបានអរគុណសម្ដេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពលរដ្ឋកម្ពុជា ដែលបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានយ៉ាងកក់ក្តៅជាទីបំផុត ចាប់តំាងពេលអញ្ជើញដល់កម្ពុជា។ 

លោកប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា លោកបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺតាំង ពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះ លោកក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមលោកជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ 

សម្ដេចប្រធានរដ្ឋសភា និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានា មានដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៍មាន និងកសិកម្មជាដើម។

រដ្ឋសភាកម្ពុជា និងព្រឹទ្ធសភាប៉ាគីស្ថាន នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំកំពូល ក្រុមមិត្តភាពនិងកម្រិតអគ្គលេខាធិការដ្ឋាន។ 

ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរ បានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិ ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ជំរុញសុខសន្តិភាព វិបុលភាពមនុស្សជាតិ។ មិនថាប្រទេសតូច ឬប្រទេសធំនោះទេ ត្រូវគោរពអធិបតេយ្យភាពគ្នានិងឱ្យតម្លៃគ្នាទៅវិញទៅមក។  

សម្តេចប្រធានរដ្ឋសភា បានស្នើផងដែរសុំឱ្យប៉ាគីស្ថាន ពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតីឃួន សុដារី បានជម្រាបជូនលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់លោកប្រធានព្រឹទ្ធសភា នៅក្នុងការទទួលរៀបចំសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។ 

ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរ បានវាយ តម្លៃខ្ពស់ចំពោះសន្និសីទប្រធានសភានៃអន្តរសភា ថា ជាវេទិកាអន្តរសភាមួយដ៏មានសារៈសំខាន់នៅក្នុងការលើកកម្ពស់វប្បធម៌សន្ទនា ការកសាងទំនុក ចិត្តនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួម នៅក្នុងកាលៈទេសៈដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើន ទំាងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចជាដើមនោះ។