ព័ត៌មានអន្តរជាតិ

មនុស្ស ៥នាក់ស្លាប់ ក្នុងករណីបាក់ស្រុតស្ពានដែលកំពុងសាងសង់ក្នុងខេត្តជាំងស៊ូ ប្រទេសចិន

image



ចិន៖ មនុស្ស ៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្រុតស្ពានដែលកំពុងសាងសង់មួយកន្លែង នៅក្នុងខេត្តជាំងស៊ូ ប្រទេសចិន កាលពីដើមសប្ដាហ៍នេះ ។
ហេតុការណ៍នេះបានកើតឡើងនៅឯស្ពានយ៉ីវកាង (Yuegang) ក្នុងក្រុងយ៉ានឆឹង (Yancheng) ដែលជាផ្នែកមួយនៃគម្រោងកែលម្អផ្លូវទឹកលាំងស៊ិន (Lianshen) ហើយផ្នែកមួយនៃរចនាសម្ព័ន្ធស្ពានបានបាក់ធ្លាក់ចុះ ក្នុងអំឡុងស្ថិតក្នុងដំណើរការសាងសង់ ។
ភ្លាមៗបន្ទាប់ពីមានការបាក់ស្រុតនេះ ក្រុមអ្នកពន្លត់អគ្គិភ័យ អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចុះទៅដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីធ្វើការរុករក និងសង្គ្រោះជនរងគ្រោះ។
ក្នុងចំណោមជនរងគ្រោះ មានកម្មករ ២ នាក់ទទួលបានការជួយសង្គ្រោះចេញពីក្រោមគំនរបាក់បែក ប៉ុន្តែជាអកុសល ពួកគេបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក។ ក្រោយហេតុការណ៍នេះ អាជ្ញាធរបានផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើចរាចរណ៍តាមផ្លូវទឹកនៅតំបន់នោះ ដើម្បីឱ្យអាជ្ញាធរត្រួតពិនិត្យ និងវាយតម្លៃការខូចខាត។
ស្ពានយ៉ីវកាង (Yuegang) គឺជាផ្នែកដ៏សំខាន់នៃគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនតាមផ្លូវទឹកពីទិសខាងជើងទៅទិសខាងត្បូង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ SCMP/ The Independent/ Douyin via The Sun/ VIORY