ព័ត៌មានជាតិ

ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹកដើម្បីសុវត្ថិភាព និងផាសុកភាព នឹងត្រូវរៀបចំឱ្យបានរួចរាល់នៅមុនរដូវភ្លៀង

image

បន្ទាយមានជ័យ៖ យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត កំពុងពន្លឿនក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹកដើម្បីសុវត្ថិភាព និងផាសុកភាពក្នុងការស្នាក់នៅ ដែលនឹងឱ្យបានរួចរាល់នៅមុនរដូវភ្លៀង ខណៈប្រជាពលរដ្ឋ ដែលអាជ្ញាធរកំណត់ក្នុងតំបន់ក្រហមមិនអាចវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញបាន ដោយសារយោធាថៃទម្លាក់ និងផ្លោងគ្រាប់កម្ទេចផ្ទះសម្បែង និងហ៊ុមព័ទ្ធដី និងលំនៅដ្ឋានរបស់ពួកគាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាចេញចូលបាន។ 

ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានច័យ ដែលត្រូវបានយោធាថៃហ៊ុមព័ទ្ធដីលំនៅដ្ឋានមិនឱ្យចូលទៅរស់នៅ ហើយបន្តរស់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្ថិកណ្ដោល ស្រុកថ្មពួក មានចំនួនជាង ១.៥០០គ្រួសារ ស្មើនឹងជាង ៥.៧០០នាក់។ ចំណែប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលកំពុងបន្តស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ មានចំនួន១.២០០គ្រួសារ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត កំពុងរៀបចំទីតាំងសុវត្ថិភាពមួយកន្លែង ដើម្បីរៀបចំជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹកឱ្យមានសុវត្ថិភាព និងផាសុខភាពប្រសើរជាងការស្នាក់នៅក្នុងតង់នៅតាមមណ្ឌលសុវត្ថិភាពដូចក្នុងពេលបច្ចុប្បន្ន​ តបតាមប្រសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារដែលរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ថៃ ដោយរាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ជនភៀសសឹក ដែលបាននិងកំពុងគិតគូរពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់ពលរដ្ឋភៀសសឹកទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្ន។

ទាក់ទងនឹងការរៀបចំជម្រកបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងផាសុខភាពប្រសើរជាងការស្នាក់នៅក្នុងតង់នៅតាមមណ្ឌលសុវត្ថិភាពនៅតាមទីវត្តអារាម ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន បានសាទរចំពោះការរៀបចំដោយរាជរដ្ឋាភិបាល និងថា នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ខណ:ពេលខាងមុខនេះអាកាសធាតុនឹងឡើងកាន់តែក្តៅ និងអាចមានភ្លៀងជាបន្តបន្ទាប់។ ពលរដ្ឋភៀសសឹកមានការជឿជាក់ទៅលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងទាមទារដីភូមិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវថៃឈ្លានពានយកមកជូនពលរដ្ឋកម្ពុជាវិញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីចុះវាយតម្លៃលើជីវភាពប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត មុនឈានទៅការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានដោយយោធាថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ តាមតម្រូវការចាំបាច់ជាក់ស្តែង។

ទាក់ទងនឹងបញ្ហានេះដែរ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក បានឱ្យដឹងថា កន្លែងណាដែលអាជា្ញធរមូលដ្ឋាន និងរដ្ឋបាលខេត្ត កំណត់ថា ជាតំបន់មានសុវត្ថិភាពដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅវិញបាន ទើបក្រុមការងារចុះវាយតម្លៃ ដើម្បីឈានទៅធ្វើការស្តារឡើងវិញ។ ចំណែកតំបន់ ឬទីតាំងណា ដែលកំពុងប្រទាញប្រទង់គ្នានៅឡើយ គឺមិនអាចវាយតម្លៃ និងធ្វើការស្តារឡើងវិញបាននោះទេ ដោយរង់ចាំដោះស្រាយចប់សព្វគ្រប់សិន។

លោក ចន ណារិទ្ធ បានបន្តទៀតថា ភារកិច្ចចម្បងភ្លាមៗ គឺការវាយតម្លៃលើស្ថានភាពផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកទៅកាន់មណ្ឌលសុវត្ថិភាព ដើម្បីអាចឱ្យវិលត្រលប់មកកាន់ទីលំនៅដើមវិញបានដោយសុវត្ថិភាព។ ទន្ទឹមេះក្រុមការងារនេះ ក៏ត្រូវពិនិត្យវាយតម្លៃលើអគារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរងការខូចខាតខ្លាំង ដើម្បីដំណោះស្រាយបណ្តោះអាសន្ន ផងដែរ៕