ក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ប្រកាសពីការបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ ២០គ្រឿង
សិង្ហបុរី៖ ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នៅថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 MAX រហូតដល់ ២០គ្រឿង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅឯកម្មវិធីតាំងពិព័រណ៍អាកាសរចណ៍សិង្ហបុរី (Singapore Airshow)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Boeing។
ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានបញ្ជាក់ពីការបញ្ជាទិញយន្តហោះ Boeing 737-8 ចំនួន ១០គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០គ្រឿងទៀត នាពេលអនាគត។ កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៥ ហើយវាគឺជាការទិញយន្តហោះ Boeing លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia។ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងដាក់ឲ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជា ក្នុងឆ្នាំ២០៣១ ខាងមុខនេះ។
យន្តហោះ 737 MAX ថ្មី នឹងជួយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ធ្វើទំនើបកម្ម និងពង្រីកកងយន្តហោះរបស់ខ្លួន ខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសបន្តកើនឡើងនៅអាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia មានគម្រោងប្រើប្រាស់យន្តហោះនេះ នៅលើផ្លូវហោះហើរក្នុងតំបន់ដ៏មមាញឹកនៅទូទាំងអាស៊ី ដោយផ្តល់នូវផាសុខភាពកាន់តែប្រសើរដល់អ្នកដំណើរ ខណៈពេលដែលកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។
លោកបណ្ឌិត David Zhan នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានមានប្រសាសន៍ថា យន្តហោះ 737-8 ផ្តល់នូវតុល្យភាពត្រឹមត្រូវនៃចម្ងាយហោះហើរ សមត្ថភាព និងប្រសិទ្ធភាពប្រេងឥន្ធនៈ ដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍។ លោកបានបន្ថែមថា ការវិនិយោគនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បើកដំណើរការជើងហោះហើរត្រង់ទៅកាន់គោលដៅសំខាន់ៗនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ ផ្តល់ជូននូវតម្លៃសំបុត្រកាន់តែសមរម្យ និងបង្កើតការងារ និងឱកាសបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។
យន្តហោះ Boeing 737-8 អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៧៨នាក់ និងហោះហើរបានចម្ងាយរហូតដល់ ៦.៤៨០គីឡូម៉ែត្រ។ វាប្រើប្រាស់ប្រេងឥន្ធនៈតិចជាងប្រហែល ២០% និងផលិតការបំភាយឧស្ម័នតិចជាង បើប្រៀបធៀបទៅនឹងយន្តហោះចាស់ៗ ដែលជួយក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយថ្លៃដើម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សាររបស់ Boeing បានស្វាគមន៍ចំពោះក្រុមហ៊ុន Air Cambodia ក្នុងនាមជាអតិថិជនថ្មី ហើយបាននិយាយថា ក្រុមហ៊ុន Boeing ទន្ទឹងរង់ចាំគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា និងពង្រឹងការតភ្ជាប់ក្នុងតំបន់។
បច្ចុប្បន្ន ក្រុមហ៊ុន Air Cambodia ដំណើរការយន្តហោះចំនួន ៦គ្រឿង ដោយហោះហើរទាំងផ្លូវក្នុងស្រុក និងអន្តរជាតិទៅកាន់ប្រទេសដូចជា វៀតណាម ឥណ្ឌា ថៃ ចិន ជប៉ុន និងហុងកុង។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Boeing ក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មីជិត ៥.០០០គ្រឿង ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយយន្តហោះច្រកផ្លូវតែមួយមានចំនួនជាង ៨០% នៃការដឹកជញ្ជូនទាំងនោះ៕