ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូលពីការនាំចេញវិស័យថ្មអារ ជិត ៤០លានដុល្លារ

image



ភ្នំពេញ៖ លោករដ្ឋមន្ត្រី កែវ រតនៈ អះអាងថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០២៣-២០២៤-២០២៥ កម្ពុជាបានប្រមូលសួយសារ បូករួមនឹងពន្ធនាំចេញ (ពន្ធគយ) ពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារអាម៉េរិក ដែលចំនួននេះ កម្ពុជាមិនទាន់បូកចូលរួមចំណូលពន្ធដារ និងពន្ធលើប្រាក់ចំណេញនៅឡើយទេ។

ការអះអាងបែបនេះរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងរ៉ែនិងថាមពល។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួនជាង ៤០ កំពុងតែធ្វើប្រតិបត្តិការនៅវិនិយោគនៅប្រទេសកម្ពុជា ក្នុងចំណោម ៦០ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែថ្មអារ (ថ្មក្រានីត, ថ្មម៉ាប) ខណៈដែលក្រុមហ៊ុនមួយចំនួនមិនដំណើរការមានទាំងក្រុមហ៊ុនខ្មែរ និងបរទេសផងដែរ។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការវិនិយោគរួមនៅក្នុងវិស័យថ្មអារនេះ គឺមានការចូលរួមវិនិយោគរបស់វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស មានទឹកប្រាក់ជាង ១៧០លានដុល្លារអាម៉េរិក ខណៈដែលវិស័យនេះបានផ្តល់ការងារជិត ២ពាន់នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា បាននាំចេញថ្មអារទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ១៣ រួមមាន អាម៉េរិក, កាណាដា, រុស្ស៊ី, ឥណ្ឌា, ចិន និងនៅតំបន់អាស៊ាន រួមមាន ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ ជាដើម៕

អត្ថបទ៖ ចេង ឆហួត