អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើលិខិតរំលែកមរណទុក្ខជូនឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ចំពោះមរណភាពឧបាសិកា ស៊ុន ឡៃ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្ញើលិខិតរំលែកមរណទុក្ខជូនឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា ស៊ុន ឡៃ។
ក្នុងលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិក នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុតក្ដុកក្ដួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមា ដោយទទួលដំណឹងអំពី ឧបាសិកា ស៊ុន ឡៃ ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេករបស់ ឧកញ៉ាបណ្ឌិត និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទីព្រឹក ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់ឧបាសិកា ស៊ុន ឡៃ ជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ និងព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ចំពោះកូនៗ ចៅប្រុស ចៅស្រី ញាតិមិត្តជិតឆ្ងាយ ដែលមួយឆាកជីវិត ឧបាសិកា ស៊ុន ឡៃ បានលះបង់ ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់ ជម្នះរាល់ឧបសគ្គនានា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ទូន្មានបុត្រា បុត្រី ឱ្យក្លាយជាកុលបុត្រ កុលធីតា ប្រកបដោយគន្លងធម៌សម្រាប់សង្គមជាតិ។
នៅក្នុងឱកាសប្រកបដោយក្តីរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមគោរពចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុតជាមួយ ឧកញ៉ាបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ុន ឡៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕