វិស័យកាត់ដេរនៅវៀតណាម ពន្លឿនការប្រើប្រាស់ AI និងមនុស្សយន្ត ដើម្បីទប់ទល់នឹងកំណើនថ្លៃដើមផលិតកម្ម
វៀតណាម៖ ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាច្រើននៅប្រទេសវៀតណាម បានទទួលការបញ្ជាទិញផលិតផលពេញលេញរហូតដល់ដាច់ត្រីមាសទី១ ឆ្នាំ២០២៦ នេះ ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីការធ្លាក់ចុះប្រាក់ចំណេញ, កំណើនថ្លៃដើម និងកិច្ចសន្យាដែលមានរយៈពេលខ្លីជាងមុន ។
អ្នកវិភាគទីផ្សារ បានលើកឡើងថា ទោះបីជាតម្រូវការសកលមានស្ថិរភាពក៏ដោយ ក៏វិស័យនេះនៅតែជួបការលំបាកដោយសារតែថ្លៃដើមផលិតកម្មកើនឡើង រួមមានប្រាក់ឈ្នួល និងការដឹកជញ្ជូន ខណៈតម្លៃលក់ចេញត្រូវបានបង្ខំឱ្យចុះថោកដោយសារតែសមត្ថភាពចរចាទាប។ ម៉ាកយីហោអន្តរជាតិធំៗ កំពុងបោះបង់ចោលកិច្ចសន្យារយៈពេលវែង ហើយងាកមកបញ្ជាទិញក្នុងបរិមាណតូចៗ និងមានភាពបត់បែនវិញ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារ ។
សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនកំពុងព្យាយាមដោះស្រាយបញ្ហាការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងចំនួនបញ្ជាទិញតិចតួច។ ទោះបីជាការបញ្ជាទិញសម្រាប់ត្រីមាសទី១ ត្រូវបានសម្រេចរួចរាល់ក៏ដោយ ប៉ុន្តែការចរចាសម្រាប់ត្រីមាសទី២ នៅមិនទាន់ច្បាស់លាស់នៅឡើយ ។
អគ្គនាយកក្រុមហ៊ុន ហ្គាមិន១០ (Garment 10) លោក ថាន ឌីក វៀត (Thân Đức Việt) បានបញ្ជាក់ថា ក្រុមហ៊ុនលោកមានការងារពេញរហូតដល់ខែមីនា ប៉ុន្តែការបញ្ជាទិញសម្រាប់ត្រីមាសទី២ នៅតែបន្តចរចា។ លោកកត់សម្គាល់ថា ខុសពីឆ្នាំមុនៗដែលកិច្ចសន្យាត្រូវចុះហត្ថលេខាមុននៅចន្លោះពី ៣ ទៅ ៦ខែ តែឥឡូវនេះ ការបញ្ជាទិញខ្លះទើបតែបញ្ជាក់មុនពេលផលិតត្រឹមតែប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យការគ្រប់គ្រងផែនការផលិតកម្មមានការលំបាកខ្លាំង ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនធំៗ ដូចជា វីណាថិក (Vinatex) កំពុងផ្ដោតលើការផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយចំណាយលើកម្លាំងពលកម្ម។ លើសពីនេះ វៀតណាមកំពុងងាកចេញពីការផលិតទ្រង់ទ្រាយធំ ទៅជាការផលិតផលិតផលដែលមានបច្ចេកទេសស្មុគស្មាញ និងមានតម្លៃខ្ពស់ ដូចជាឈុតអាវធំ ដែលធ្វើឡើងដោយដៃរហូតដល់ ៦០% សម្រាប់នាំចេញទៅអាម៉េរិក និងជប៉ុន ។
នាពេលបច្ចុប្បន្ន ផលិតផលកាត់ដេរវៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ១៣៨ ប្រទេសនិងតំបន់ ដោយក្នុងនោះទីផ្សារអាម៉េរិកតែមួយ មានតម្លៃជាង ១៨ពាន់លានដុល្លារអាម៉េរិក។ វៀតណាមនៅតែជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេមួយក្នុងចំណោមប្រទេសទាំងបីនៅលើពិភពលោក (រួមជាមួយចិន និងបង់ក្លាដែស្ហ) ដោយផ្ដល់ការងារដល់មនុស្សប្រហែល ៣លាននាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Vietnam News | រូបភាព៖ VNA/ TLD Apparel/ PRIMO Sourcing