ទន្តពេទ្យម្នាក់ក្នុងតំបន់ហ្គាហ្សា តស៊ូព្យាបាលអ្នកជំងឺ ក្នុងគ្លីនិកច្នៃពីផ្ទះដែលខ្ទេចខ្ទាំដោយសង្គ្រាម
ហ្គាហ្សា, ប៉ាឡេស្ទីន៖ ទន្តពេទ្យជនជាតិប៉ាឡេស្ទីន លោក អាប់ឌូសាឡាម ខាហ៊ីល (Abdulsalam Kahil) បានសម្រេចចិត្តកែច្នៃផ្ទះរបស់លោក ដែលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការទម្លាក់គ្រាប់បែក ឱ្យទៅជាគ្លីនិកព្យាបាលធ្មេញបណ្ដោះអាសន្ន ដើម្បីបន្តផ្ដល់សេវាសុខភាពមាត់ធ្មេញជូនប្រជាជននៅតំបន់ហ្គាហ្សា បើទោះបីជាតំបន់ជុំវិញនោះ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីក៏ដោយ ។
គ្លីនិកបណ្ដោះអាសន្ននេះ កំពុងជួបប្រទះវិបត្តិកង្វះខាតសម្ភារៈវេជ្ជសាស្ត្រ និងបញ្ហាដាច់ចរន្តអគ្គិសនី ដែលជាឧបសគ្គរាំងស្ទះដល់ការព្យាបាល។ បញ្ហានេះបានបង្ខំឱ្យលោកគ្រូពេទ្យ ត្រូវពន្យារពេលណាត់ជួប និងបែងចែកដំណាក់កាលព្យាបាលឱ្យកាន់តែយូរជាងមុន ដែលធ្វើឱ្យអ្នកជំងឺត្រូវទ្រាំទ្រនឹងការឈឺចាប់ក្នុងរយៈពេលវែង ។
លទ្ធផលនៃការបំផ្លិចបំផ្លាញពីសង្គ្រាម មិនត្រឹមតែប៉ះពាល់ដល់លំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខភាពជាច្រើននៅទូទាំងតំបន់ហ្គាហ្សាត្រូវខ្ទេចខ្ទាំ។ លោក ខាហ៊ីល (Kahil) បានបញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យ លោកមិនអាចបោះបង់វិជ្ជាជីវៈមនុស្សធម៌នេះបានឡើយ ទោះបីត្រូវបំពេញការងារក្នុងធនធានដ៏តិចតួចបំផុតក៏ដោយ ។
ស្របពេលដែលមានការតស៊ូក្នុងតំបន់ សហរដ្ឋអាម៉េរិក បានប្រកាសដាក់ចេញនូវដំណាក់កាលទី ២ នៃ «ផែនការសន្តិភាព ២០ចំណុច» របស់លោក ដូណាល់ ត្រាំ។ ផែនការនេះ មានគោលដៅបញ្ចប់ជម្លោះ តាមរយៈការរំសាយអាវុធ, បង្កើតរដ្ឋាភិបាលថ្មី, ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងបើកច្រកព្រំដែនរ៉ាហ្វា (Rafah) ដើម្បីផ្ដល់ដង្ហើមថ្មីដល់តំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY