ព័ត៌មានអន្តរជាតិ

ព្រះសង្ឃជាច្រើនព្រះអង្គ និមន្តក្នុងក្បួនដង្ហែដើម្បីសន្តិភាព ឆ្ពោះទៅរដ្ឋធានីវ៉ាស៊ីនតោន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន

image



សហរដ្ឋអាម៉េរិក៖ ព្រះសង្ឃជាច្រើនព្រះអង្គ ដែលកំពុងបំពេញយុទ្ធនាការ «និមន្តដង្ហែដើម្បីសន្តិភាព» (Walk For Peace) ចម្ងាយ ២,៣០០ ម៉ាយ (ជាង ៣,៧០០គីឡូម៉ែត្រ) បាននិមន្តចេញពីទីក្រុង ឆេស្ទ័រហ្វៀល (Chesterfield) មកដល់ទីក្រុងរីច្មុន (Richmond) ក្នុងរដ្ឋវីជីនៀ (Virginia) កាលពីថ្ងៃចន្ទ។ យុទ្ធនាការនេះ បានចាប់ផ្ដើមតាំងពីខែតុលា នៅរដ្ឋតិចសាស់ (Texas) ហើយគ្រោងនឹងបញ្ចប់នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងខែកុម្ភៈនេះ ដោយមានគោលបំណងលើកកម្ពស់សន្តិភាព សេចក្ដីមេត្តាករុណា និងអហិង្សាធម៌ ។

នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈនេះ គឺជាថ្ងៃទី ១០១ នៃយុទ្ធនាការរបស់ព្រះអង្គ។ ព្រះសង្ឃ បាននិមន្តចាកចេញ ពីព្រះវិហារក្នុងក្រុងឆេស្ទ័រហ្វៀល (Chesterfield) រួចបន្តនិមន្តតាមផ្លូវ Route 1 ឆ្ពោះទៅកាន់ទីក្រុង Richmond កាលពីរសៀលថ្ងៃចន្ទ និងបន្តនិមន្តចាកចេញពីទីក្រុង Richmond ឆ្ពោះទៅកាន់ទីក្រុង Ashland ក្នុងរដ្ឋ Virginia ដដែលនេះ នាថ្ងៃអង្គារនេះ ។

អ្នកចាត់ចែងរៀបចំយុទ្ធនាការ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា «នេះគឺជាឱកាសដ៏ល្អដើម្បី និមន្ត និងដើរជាមួយគ្នាដើម្បីសន្តិភាព ជួបជុំគ្នាដោយសាមគ្គីភាព និងចែករំលែកស្មារតីនៃការតាំងចិត្ត សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តា។ ទោះអ្នកដើរបានពីរបីជំហាន ឬដើររហូតដល់ចប់ វត្តមានរបស់អ្នកនឹងបន្ថែមពន្លឺដល់ការជួបជុំដ៏សន្តិភាពនេះ» ។

អភិបាលរដ្ឋ Virginia លោកស្រី អាប៊ីហ្គេល ស្ប៉ានប៊ឺហ្គឺ (Abigail Spanberger) និងអភិបាលក្រុង Richmond លោក ដានី អាវូឡា (Danny Avula) បានទទួលស្វាគមន៍ ព្រះសង្ឃគ្រប់ព្រះអង្គ យ៉ាងកក់ក្ដៅ ខណៈអាជ្ញាធរបានបន្តជួយសម្រួលចរាចរណ៍ និងថ្វាយការការពារសុវត្ថិភាពតាមដងផ្លូវផងដែរ ។

សមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្ដល់អាទិភាពលើសុវត្ថិភាព និងបង្ហាញការគោរពដល់ព្រះសង្ឃ ដូចជា ស្ដាប់តាមការណែនាំរបស់អាជ្ញាធរ រក្សាចម្ងាយសមគួរ មិនត្រូវប៉ះពាល់ព្រះកាយព្រះសង្ឃ និងមិនត្រូវរំខានដល់ចរាចរណ៍។ យុទ្ធនាការនេះ គ្រោងនឹងឆ្លងកាត់ទីក្រុងជាច្រើនទៀត មុននឹងទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងរយៈពេលប្រហែល ២០ ថ្ងៃទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CBS 6 News/ Walk For Peace/ Others | រូបភាព៖ Facebook Page Walk For Peace