រដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំមានបំណងឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ ទារកទាំងអស់ ទទួលបានសេវាថែទាំសុខភាពល្អប្រសើរ ដូចៗគ្នា»
ឧត្តរមានជ័យ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ក្តីនឹករលឹក ដល់មន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមណ្ឌលសុខភាពសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងការចុះពិនិត្យនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដោយឆន្ទៈមោះមុត ក្នុងនាមជាកងទ័ពអាវស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំព្យាបាលនោះឡើយ។
បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាព ត្រូវផ្តោតសំខាន់ក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និងជាពិសេសសុខភាពផ្លូវចិត្ត។ ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដោយ ត្រូវចេះសាមគ្គីគ្នា មានភាពនឹងនរ ទឹកចិត្តមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តខិតខំប្រឹងប្រែងលើកស្ទួយសមត្ថភាពសហភាតរៈ និងអង្គភាពឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង «ត្រូវធ្វើអ្វីដែលមានក្នុងដៃ ឱ្យអស់ពីលទ្ធភាព ហើយលើសពីធម្មតា»៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ