គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ បានក្លាយជាគោលដៅលំហែបៃតង សម្រាប់សហគមន៍គ្រប់គ្រង ដោយលើកកម្ពស់ទាំងជីវភាព និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ
កំពង់ស្ពឺ៖ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតង ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០% រួមមាន ការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតរថយន្ត ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមនឹងហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម ត្រូវបានសាងសង់សម្រេចបានរួចរាល់ ១០០%ហើយ។ដោយឡែកការសាងសង់ផ្លូវ ប្រវែង ៧,២គីឡូម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជន បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ដែលបានសម្រួលការធ្វើដំណើរងាយស្រួលផងដែរ។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅ ភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិបានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។
លោករដ្ឋមន្ត្រីក៏បានថ្លែងដែរថា ការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៅលំហែបៃតងនៅតាមសហគមន៍។
សូមបញ្ជាក់ថាលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចូលរួមពិនិត្យមើសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ ផ្លូវឡើងភ្នំ និងតំបន់នៅលើភ្នំខ្នងផ្សារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ក្នុងដំណើទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារនាពេលនេះ ក៏មានការចូលរួមផងដែរពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូក្រសួងជាច្រើននាក់ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងផងដែរ។
ប្រតិភូបានចូលរួមដាំដើឈើ «សន្តិភាព» នៅក្លោងទ្វាចូល ដំណាក់ដំរី ចំណុចជើងភ្នំ មុនឡើងទៅលើភ្នំខ្នងផ្សារ។ លោករដ្ឋមន្រ្តីទាំងពីរ រួមនឹងអ្នកចូលរួមទាំងអស់ បានធ្វើដំណើរឡើងភ្នំដោយថ្មើជើង ចាប់ពីដំណាក់ដំរី ឆ្លងកាត់ដំណាក់នីមួយៗ ដែលបានសាងសង់រួចរាល់ ជាមួយកន្លែងអង្គុយសម្រាកលម្ហែដ៏ស្រស់ស្អាត អ្នកទេសចរណ៍អាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ គយគន់ទេសភាពធម្មជាតិ រុក្ខជាតិ ផ្កាព្រៃជាដើម។ ជាមួយគ្នានេះ គម្រោងបានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។
សូមបញ្ជាក់ដែរថា ការធ្វើដំណើរឡើងភ្នំខ្នងផ្សារដោយថ្មើជើងមានចំងាយជាង ៤គីឡូម៉ែត្រ និងចំណាយពេលប្រមាណ ៤ម៉ោង ទើបធ្វើដំណើរដល់កន្លែងបោះតង់ តំបន់លើខ្នងភ្នំ៕